(ភ្នំពេញ)៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋជាង ៣០០គ្រួសារ រស់នៅក្បែរអតីតទីតាំងចាក់សំរាមស្ទឹងមានជ័យ បាននាំគ្នាផ្ដិតមេដៃដាក់ពាក់បណ្ដឹងទៅអាជ្ញាធរ លើករណីមានប្រជាពលរដ្ឋ ៤គ្រួសារ នាំគ្នារំលោភកាន់កាប់ដីផ្លូវសាធារណៈ ខណៈផ្លូវនេះមាននៅក្នុងផែនទីភូមិសាស្ត្ររបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួចទៅហើយនោះ។
យោងតាមពាក្យបណ្ដឹងរបស់ លោក ហួន សារឿន ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន ៣០៧គ្រួសារ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ប្ដឹងទៅអភិបាលខណ្ឌមានជ័យ បានសុំឲ្យអាជ្ញាធរខណ្ឌជួយអន្តរាគមន៍បើកផ្លូវមួយខ្សែ ដែលស្ថិតនៅក្នុងភូមិរបស់ពួកគាត់ តភ្ជាប់ទៅកាន់ផ្លូវព្រះមុនីរ៉េត ដើម្បីឲ្យពួកគាត់បានធ្វើដំណើរចេញចូលបានស្រួល ព្រោះតែបច្ចុប្បន្នកំណាត់ផ្លូវខាងលើ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ដោយប្រជាពលរដ្ឋចំនួន ៤គ្រួសារ ធ្វើរបងបិទមិនអាចធ្វើដំណើបាន។
តំណាងប្រជាពលរដ្ឋខាងលើបានអះអាងថា ផ្លូវខាងលើត្រូវបានគណៈកម្មការរដ្ឋបាល សម្រេចបង្កើតឡើងតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ខណៈមន្ត្រីជំនាញចុះរៀបចំចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅតំបន់នោះ តែប្រជាពលរដ្ឋខាងលើមិនបានចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនឹងគេនោះទេ ព្រោះពាក់ព័ន្ធដីផ្លូវ និងដីអង្គតែនវិទ្យុរបស់ក្រសួងព័ត៌មាន។ មិនតែប៉ុណ្ណោះយោងតាមលិខិតរបស់ ការិយាល័យភូមិបាលខណ្ឌមានជ័យ ជំរាបទៅមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ថ្មីៗនេះ ពាក់ព័ន្ធក្បាលដីរបស់ លោក ហួន សារិន ការិយាល័យភូមិបាលខណ្ឌ បានរៀបរាប់ថា ទីតាំងផ្លូវដែលគណៈកម្មការរដ្ឋបាលបានសំរេចរួចហើយកាលពីឆ្នាំ២០០៥ ក្នុងតំបន់វិនិច្ឆ័យមានទំហំ១០ម៉ែត្រ សព្វថ្ងៃពាក់ព័ន្ធប្រជាពលរដ្ឋ៤គ្រួសារ គឺឈ្មោះ កែវ សាឡាយ ឈ្មោះ តាំង ហៃ ឈ្មោះ សម សុជាតិ និងឈ្មោះ កែ កែវស៊ីណា កំពុងកាន់កាប់មិនទាន់ចុះបញ្ជីជាលក្ខណៈប្រព័ន្ធគណៈកម្មការ ឆ្វៀលចោលដោយមូលហេតុ ពាក់ព័ន្ធដីអតីតប៉ុស្ដិ៍វិទ្យុរបស់ក្រសួងព័ត៌មាន សព្វថ្ងៃនេះប្រជាជន ៤នាក់នេះ កាន់កាប់លើដីផ្លូវ ហើយម្ចាស់ដីទាំងនេះមិនទាន់ឯកភាពកាត់ដីទុកជាផ្លូវនៅឡើយទេ។ ប៉ុន្តែនៅតំបន់នោះ គណៈកម្មការរដ្ឋបាលបានធ្វើប្លង់សុរិយោដីកំណត់ទំហំផ្លូវរួចហើយ ដូចដែលមានគំនូសប្លង់ស្រាប់។ ទោះបីជាគណៈកម្មការរដ្ឋបាលសម្រេចគូសបង្ហាញទីតាំងផ្លូវ នៅលើដីខាងលើក៏ដោយ តែប្រជាពលរដ្ឋ ៤គ្រួសារខាងលើ នៅតែមិនព្រមបើកផ្លូវឲ្យដើរជាសាធារណៈដដែល មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះពួកគេថែមទាំងធ្វើរបងបិទ និងរៀបចំបុកគ្រឹះដើម្បីសាងសង់ផ្ទះនៅលើដីផ្លូវ ដោយមិនមានច្បាប់អនុញ្ញាតថែមទៀតផង។
តំណាងប្រជាពលរដ្ឋខាងលើ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយមានវិធានការទប់ស្កាត់ផង ព្រោះបច្ចុប្បន្នទីក្រុងភ្នំពេញយើងកាន់តែមានបញ្ហាលើផ្នែកចរាចរណ៍ខ្លាំងឡើងៗ។ ដូច្នេះការរៀបចំអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែច្រើន កាន់តែល្អ ព្រោះវាបានជួយសម្រួលការកកស្ទះចរាចរណ៍ ក៏ដូចបង្កាពេលកើតហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះផ្ទះជាដើម រថយន្តពន្លត់អគ្គិភ័យអាចចេញចូលអន្តរាគមន៍បានទាន់ពេលវេលា៕