(បាត់ដំបង)៖ ថៅកែរួមជាមួយកូនប្រសានិងកម្មករម្នាក់ទៀតដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចបន្លំលាយដីខ្សាច់ ជាមួយចំណិតដំឡូងក្រៀម ដើម្បីលក់អោយឈ្មួញថៃ កេងចំណេញភ្នែកជញ្ជីងនោះ ឥឡូវត្រូវបានចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាម្នាក់ៗ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០លានរៀល ពីបទក្លែងបន្លំគុណភាព។
ការផ្ដន្ទាទោសនេះបានធ្វើឡើងនៅក្នុងសវនាការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ ដោយលោកចៅក្រមអ៊ុក សុវណ្ណារិទ្ធបានសម្រេចផ្ដន្ទាទោសទី១.ឈ្មោះហុង ហាន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាថៅកែសៃឡូត៏ប្រមូលទិញដំឡូង។ ទី២.ឈ្មោះ សុំ ខន ទី៣.ឈ្មោះងួន បុល ត្រូវជាកូនប្រសា និងកម្មករ រស់នៅជាមួយថៅកែឈ្មោះហុង ហាន។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តសេនីយ៏ឡុង ស្រេង អនុប្រធាននាយកដ្ឋានបាន សហការជាមួយសមត្ថកិច្ចខេត្តបាត់ដំបង ដឹកនាំដោយព្រះរាជអាជ្ញារងហេង លុយបានចុះឆែកឆេរត្រួតពិនិត្យទីតាំង ប្រមូលទិញដំឡូងមី សម្រាប់លក់នាំចេញទៅប្រទេសថៃមួយកន្លែង ដោយរកឃើញចំណិតដំឡូងមីក្រៀមប្រមាណ១០០តោន ក្នុងនោះមានលាយដីខ្សាច់៤០ភាគរយ ក៏សម្រេចចាប់រឹបអូសយកដុតកំទេចចោល រួមទាំងឃាត់ខ្លួន ម្ចាស់ទីតាំងនិងកម្មករ ២នាក់ទៀតយកទៅសួរនាំ។
តាមចម្លើយរបស់លោកហុងហានបានសារភាពថា ទីលានហាលដំឡូងសព្វថ្ងៃនេះ គាត់បានជួលទៅអោយ បុរសម្នាក់ជាជនជាតិថៃ ដែលមានឈ្មោះណាយថងស្សាក់ឌីភិកុលថង ភេទប្រុសអាយុ ៤១ឆ្នាំ។ តាមចំលើយរបស់ឈ្មោះហុង ហានបានអោយដឹងទៀតថា បុរសជនជាតិថៃបានបញ្ជាអោយកម្មករ របស់គាត់យកដីខ្សាច់ មកលាយក្នុងដំឡូងមី ដែលចិតរួចក្នុងមួយតោនដំឡូង លាយដីខ្សាច់៤០%។
សូមបញ្ជាក់ថាថ្មីនេះក្រសួងពាណិជ្ជកម្ម បានខិតខំទៅចរចារកទីផ្សារអន្ដរជាតិ នៅប្រទេសចិន ដូចជាដំឡូងហាលស្ងួត ពោត អង្ករ... ដើម្បីអោយប្រជាកសិករខ្មែរមានទីផ្សារលក់ដូរ និងមានការងារធ្វើនៅក្នុងស្រុក តែបែរជាឈ្មួញខិលខូចប្រើគំនិតទុច្ចរិត ធ្វើអោយឈ្មួញបរទេសបាត់ទំនុកចិត្ត មកលើកសិផលរបស់ខ្មែរយើង បែបនេះទៅវិញ៕