(ភ្នំពេញ)៖ លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា កោះហៅ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ឲ្យចូលបំភ្លឺ នៅមុខតុលាការ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក ប៉ាវស៊ីណាចូលបំភ្លឺពីបទក្លែងឯកសារ លិខិត និងផ្តល់ព័ត៌មានមិនពិត តាមបណ្តឹងរបស់ឈ្មោះ គង់ សុភ័ក្រ។
យោងតាមដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ប៉ាវ ស៊ីណា ត្រូវអញ្ចើញ ទៅកាន់ តុលាការឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង នឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន។ នេះបើយោងតាមដីកាកោះហៅរបស់ លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ។
ថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្តិច លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានអះ អាងថា មកដល់ពេលនេះ លោក បានទទួលដីកា កោះហៅ របស់ លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។
លោក ប៉ាវ ស៊ីណា ថា «ខ្ញុំបានត្រៀមខ្លួន និងឯកសារអស់ហើយ សម្រាប់ការចូលបំភ្លឺនៅតុលាការ នាថ្ងៃទី៧ ខែមេសា អ្វីដែលខ្ញុំបានត្រៀមរួចរាល់ហើយនោះ គឺសាក្សីដែលជាកម្មករ អាចបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំបាន រួមនឹងមេធាវី ការពារក្តី និងឯកសារ ដែលជាភស្តុតាងសំខាន់ៗមួយចំនួនទៀត»។
ប្រធានសហព័ន្ធសហជីពចលនាកម្មកររូបនេះ បានបន្តថា បទចោទរបស់លោកស្តីពីការក្លែងឯកសារ លិខិត និងផ្តល់ ព័ត៌មានមិនពិត គឺគ្រាន់តែជាបទចោទលើការសរសេរឯកសារ ខុសអក្ខរវិរុទ្ធតែប៉ុណ្ណោះមិនមានអ្វីធ្ងន់ធ្ងរឡើយ។
គូរបញ្ជាក់ថា ទាក់ទងនឹងការកោះហៅនេះ មេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា ធ្លាប់បានស្នើតុលាការឲ្យពន្យារពេល ការកោះហៅម្តងរួចមកហើយ ក្រោមហេតុផលថា ដីកាកោះហៅនោះ ខុសនីតិវិធី។ ប៉ុន្តែសម្រាប់ដីកាកោះហៅលើក ទីពីរនេះ លោក បានអះអាងថា គឺតុលាការ បានធ្វើដោយ ត្រឹមត្រូវតាមនីតិវិធី និងអាចទទួលយកបាន។
កន្លងមក មេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីព ៦ នាក់ផ្សេងទៀត ក៏ត្រូវបាន សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅឲ្យចូលបំភ្លឺ កាលពីខែមករា ឆ្នាំ ២០១៦ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋធ្វើឲ្យខូចខាត ដោយចេតនា ដែលបានប្រព្រឹត្ត នៅភូមិបុរីកម្មករសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពងស្ពឺ។ នេះបើយោងតាម ដីការបស់លោក ម៉ែន វណ្ណៈ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញផ្សាយកាលពីថ្ងៃទី ២៧ មករា៕