(តួកគី)៖ យោងតាមរបាយការណ៍ Update ដោយមន្ត្រីជាន់ខ្ពស់តួកគី នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា មានប៉ូលិស៧នាក់ បានស្លាប់ និងមនុស្ស២៧នាក់ផ្សេងទៀតបានរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Diyarkakir ប្រទេសតួកគី នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា។
ប៉ូលិសប្រចាំតំបន់បានបញ្ជាក់ថា ក្នុងចំណោមអ្នករបួសទាំង ២៧នាក់នោះ មាន១៣នាក់ជាប៉ូលិស ហើយករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានគេសង្ស័យថាជាទង្វើរបស់ក្រុមគាំទ្រជ្រុលនិយមបក្សឃឺដ។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មានរថយន្តមួយគ្រឿងបានបើកបុករថយន្តក្រុងដឹកប៉ូលិស បន្ទាប់មកក៏មានសំឡេងផ្ទុះកើតឡើង ដោយសំឡេងនោះត្រូវបានគេស្គាល់ច្បាស់ថា ជាសំឡេងគ្រាប់បែក៕