(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងខេត្ត រយៈពេល ០១សប្តាហ៍បន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងខេត្ត រយៈពេល ១សប្តាហ៍ ចាប់ថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លង រីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta និងស្របពេលខេត្តកំពង់ចាម ជាខេត្តមួយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា អភិបាលក្រុង-ស្រុក ត្រូវហាមឃាត់នូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖
*សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្ករតែក និងបៀហ្គាឌីន រមណីយដ្ឋានធម្មជាតិ និងកែឆ្នៃ សួនកម្សាន្តនានា អាជីវកម្ម ម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្តែងសិល្បៈសារមន្ទីរ, បណ្ណាល័យ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ការប្រគុំតន្ត្រី។
*សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
*រាល់សកម្មភាពនៃការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០នាក់ ត្រូវមានការអនុញ្ញាតាពីអាជ្ញាធរមានសមត្ថកិច្ច។
*រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងឈួស៊ីសងគ្រប់ប្រភេទ។
*សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង០៣៖០០នាទីព្រឹក ជាកំហិត។
*សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖