(ព្រុចសែល)៖ ព្រលានយន្តហោះនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានបិទទ្វារអស់ជាច្រើនថ្ងៃ ដោយសារតែទទួលរងការវាយប្រហារភេរវកម្មពីសំណាក់ក្រុមភេរវករ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា។
ព្រលានយន្តហោះ Zaventem ត្រូវបានបិទទ្វារ ផ្អាកមិនដំណើរការតាំងពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់ បែកអត្តឃាតចំនួន ២កន្លែង បានធ្វើឲ្យព្រលានយន្តហោះនេះរងការបំផ្លិចបំផ្លាញ ហើយរាល់ការហោះហើរ ត្រូវបានផ្អាកមួយរយៈ។ នាយកប្រតិបត្តិការហោះហើរ បានបញ្ជាក់ថា ការបើកឡើងវិញនេះមានប្រមាណ ២០ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា បណ្តាញក្រុម ISIS បានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើ ព្រលានយន្តហោះអន្តរជាតិ និងផ្លូវរថភ្លើងក្រោមដីនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ៣៥នាក់ស្លាប់ (ក្នុងនោះ ៣នាក់ជាភេរវករ) និងមនុស្ស៩៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕