(សៀមរាប)៖ ប័ណ្ណសម្គាល់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ដែលបានចាក់វ៉ាក់ចំនួន០២លើករួចរាល់ឆាប់ៗនេះ បន្ទាប់ពីទទួលបានពីតំណាងតំបន់ប្រតិបត្តិការសឹងរងខេត្ត។
ការនាំប័ណ្ណទៅប្រគល់ជូននេះ នឹងត្រូវធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងសៀមរាប ទើបបានទទួលប័ណ្ណសម្គាល់បានចាក់វ៉ាក់សាំង ក្នុងពិធីប្រគល់ទទួលដែលធ្វើឡើង នៅសាលាក្រុងសៀមរាប នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ប៉ូ ម៉េងទ្រី អភិបាលរងក្រុង និងលោកវរសេនីយ៍ឯក ឈុប ឆើត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងខេត្តសៀមរាប។
រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ប័ណ្ណសម្គាល់បានចាក់វ៉ាក់សាំង ដែលទទួលបានវគ្គទី១នេះ មានចំនួន៦៧,២១៩ ប័ណ្ណ នឹងត្រូវបែងចែកទៅតាមសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប មានដូចជា៖ សង្កាត់សៀមរាប ៣,៣១៤ប័ណ្ណ, សង្កាត់ក្របីរៀល ៧,១៧៤ប័ណ្ណ, សង្កាត់ស្លក្រាម ១២,៨៦០ប័ណ្ណ, សង្កាត់សាលាកំរើក ៦,៦៤០ប័ណ្ណ, សង្កាត់ជ្រាវ ៣,៨៧២ប័ណ្ណ, សង្កាត់នគរធំ ៣,៥៨៥ប័ណ្ណ, សង្កាត់ស្វាយដង្គំ ១៧,៤៤៥ប័ណ្ណ, សង្កាត់ស្រង៉ែ ២,១២០ប័ណ្ណ, សង្កាត់ចុងឃ្នៀស ២,៧១៩ប័ណ្ណ, សង្កាត់ទឹកវិល ៣,៤២០ប័ណ្ណ, សង្កាត់សំបួរ ២,៣០១ប័ណ្ណ និងសង្កាត់គោកចក ១,៧៦៩ប័ណ្ណ។
រដ្ឋបាលក្រុងសៀមរាប បានអំពាវនាវដលប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាប បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូសរួចរាល់ អាចអញ្ជើញទៅទទួលប័ណ្ណសម្គាល់បានចាក់វ៉ាកសាំង នៅតាមបណ្ដាសង្កាត់ដែលខ្លួនរស់នៅ៕