(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចឱ្យឈប់មានការទាក់ទង ឆ្លើយឆ្លង ឬចរចារផ្លូវការ ក្រៅផ្លូវការណាមួយជាមួយ លោក ញឹក ប៊ុនឆៃ ជាបន្តទៅទៀត ប៉ុន្តែព្រះអង្គនៅតែបន្តបើកទ្វារស្វាគមន៍ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សខ្មែររួបរួមជាតិ គ្រប់លំដាប់ថ្នាក់ ដែលមានបំណងវិលត្រលប់មកដង្ហែព្រះអង្គ និងរួមរស់ក្នុងដំបូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការសម្រេចនេះ បានធ្វើឡើងស្របពេលដែល លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ផ្តល់បទសម្ភាសន៍តាមរយៈសារព័ត៌មាននានា ដោយបានភ្ជាប់ទៅនឹងការរួបរួមជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច។

សេចក្តីប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា សម្រាប់ការអះអាងអំពីការរួបរួមរបស់លោក ញឹក ប៊ុនឆៃ កន្លងទៅ គឺគណបក្សហ៊្វុនស៊ិនប៉ិច បានព្យាយាមរក្សាភាពស្ងប់ស្ងាត់មិនឆ្លើយតប ដោយយល់ឃើញថា វាជាបញ្ហាផ្ទាល់ខ្លួនរបស់ លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែររួបរួមជាតិ របស់លោកតែប៉ុណ្ណោះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីបានទទួលលិខិតរបស់លោក ញឹក ប៊ុនឆៃ, សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស បានសម្រេចថា ឱ្យឈប់មានការទាក់ទង ឆ្លើយឆ្លង ឬចរចារផ្លូវការ ក្រៅផ្លូវការណាមួយជាមួយលោក ញឹក ប៊ុនឆៃ ជាបន្តទៅទៀត ប៉ុន្តែព្រះអង្គនៅតែបន្តបើកទ្វារស្វាគមន៍ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សខ្មែររួបរួមជាតិ គ្រប់លំដាប់ថ្នាក់ ដែលមានបំណងវិលត្រលប់មកដង្ហែព្រះអង្គ និងរួមរស់ក្នុងដំបូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ ដូចដែលយើងបានធ្វើជាបន្តបន្ទាប់នាពេលកន្លងមក»

បន្ថែមពីនេះ រាល់ការសម្រេចបញ្ចូលគ្នាណាមួយគណបក្សហ៊្វុនស៊ិនប៉ិច សូមទុកថ្វាយសម្តេចក្រុមព្រះ ព្រះប្រធាន សម្រេចព្រះទ័យ នៅពេលព្រះអង្គយាងត្រលប់ មកមាតុប្រទេសវិញ។ នេះជាការបញ្ជាក់បន្ថែមរបស់គណបក្សរាជានិយមនេះ។

គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់បន្ថែមទៀតថា អ្វីដែលបានលើកឡើង ដោយលោក ញឹក ប៊ុនឆៃ គឺជាការសម្តែងមតិ ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនជាគោលជំហរផ្លូវការរបស់គណបក្សហ៊្វុនស៊ិនប៉ិច នោះទេ។

គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ខ្លួនកំពុងតែមមាញឹកក្នុងការរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕