(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានហាមម្ចាស់គណនី Facebook «Baby Pink-ប៊េប៊ីភីង Store» បញ្ឈប់ការផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ Holland & Barrett Vitamin C & Zone Orange Effervescent ដែលជាផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលបាននិងកំពុងនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឈ្មោះ Holland & Barrett Vitamin C & Zone Orange Effervescent និងផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាទៅតាមច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខទិដ្ឋការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ទី១៖ ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងទី២៖ ផ្នែកខាងក្រោមមានលេខទិដ្ឋការ ឬបញ្ជិកា៕