(ភ្នំពេញ)៖ រយៈពេល ៣ខែ (មករា-មីនា) ឆ្នាំ២០១៦នេះ មានពលករ ពលការិនី រួមនិងស្រ្តីខ្មែរ ៩៨នាក់ ត្រូវបានជួយអន្តរាគមន៍ឲ្យត្រឡប់មកស្រុកកំណើតវិញ ហើយក៏បានបញ្ជូនពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ទៅធ្វើការនៅតាមបណ្តាប្រទេសនានា ក្នុងនោះប្រទេសកូរ៉េខាងត្បូងមានចំនួនច្រើនជាងគេ រហូតដល់ជាង ១ពាន់នាក់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពលករ ពលការិនី និងស្រ្តីខ្មែរ ដែលបានជួយសង្រ្គោះនោះរួមមាន៖ ស្រ្តីរងគ្រោះនៅប្រទេសចិន ១៣នាក់, ពលករ-ពលការិនីនៅម៉ាឡេស៊ី ៣៨នាក់, ពលការិនីរងគ្រោះនៅប្រទេសឡាវ ០១នាក់, ពលការីនីរងគ្រោះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ០១នាក់, ពលរដ្ឋកម្ពុជា នៅប្រទេសម៉ាឡេស៊ី ០២នាក់, ពលរដ្ឋកម្ពុជានៅប្រទេសវៀតណាម ៣៦នាក់ (៥នាក់ ស្ត្រីរងគ្រោះពីការជួញដូរមនុស្ស និង៣១នាក់ចូលទៅលក់ឆ្នោតខុសច្បាប់) និងពលករនៅប្រទេសថៃ ០៧នាក់។
ទន្ទឹមការជួយពលករ ពលការិនីរងគ្រោះឲ្យបានត្រឡប់មកស្រុកកំណើតវិញ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជូនពលរដ្ឋខ្មែរ ២២,៨៥៣នាក់ ឲ្យទៅធ្វើការនៅតាមបណ្តាប្រទេសនានា ក្នុងនោះប្រទេសកូរ៉េខាងត្បូងមានចំនួន ១,៣៦៨នាក់។
លោក ជុំ សុន្ទរី ក៏បានឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ខែមីនា ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូនពលករ-ពលការិនីខ្មែរ ៤៤,១៩៤នាក់ ទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង៕