(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ ខណៈ១៥នាក់រងរបួសធ្ងន់ និង៩នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក ក្នុងនោះយប់៧លើក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៨លើក, ស្រវឹង២លើក, ប្រជែងគ្រោះថ្នាក់២លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់២នាក់)។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៨៧២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៦៨២គ្រឿង និងពិន័យសរុប៣១៩០គ្រឿង៕