(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ាន-ចិន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។
ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយថ្លែងសុន្ទរកថា តាមរយៈវីដេអូអនឡាញ ចេញពីរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុ-ភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ»។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៧៦៣,២១៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៨,៨៨៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
តាមរយៈសន្ទរកថាដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេសចិន ផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩៕