ញាក់សាច់! បុរសម្នាក់ជិះម៉ូតូលឿនទៅបុកបង្កាន់ដៃស្ពាន ហោះផ្លោងធ្លាក់មកដី មិនស្លាប់តែរងរបួសធ្ងន់
01-04-2016 07:05
(ភ្នំពេញ)៖ បុរសវ័យកណ្តាលម្នាក់ ហោះផ្លោងពីលើស្ពាន ធ្លាក់មកដីរងរបួសធ្ងន់ ស្ទើមិនរស់បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពាន អាកាស៧មករានាម៉ោង១២៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសាឆ្នាំ២០១៦ នៅលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
អ្នកដែលអង្គុយលេង នៅស្ពានអាកាស៧មករាបានប្រាប់ថានៅម៉ោងកើតហេតុ ស្រាប់តែពួកគាត់ កំពុងតែអង្គុយលេងក៏ឃើញ មានមនុស្សប្រុសម្នាក់ បានហោះផ្លោងពី លើស្ពានធ្លាក់មកដី ដូចថតរឿងអញ្ចឹង ពេលនោះ ពួកគាត់ទាំងអស់គ្នាគិតថា មានមនុស្សលោតសម្លាប់ខ្លួនពីលើស្ពាន ក៏នាំគ្នារត់ទៅមើល ហើយនឹងជួយបុរសនោះ។ បន្ទាប់ពីជួយហើយ ក៏នាំគ្នាឡើងទៅមើលលើស្ពាន ទើបដឹងថា បុរសម្នាក់នេះ ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ហើយហោះផ្លោងធ្លាក់មកដីសោះ។
បុរសដែលរងរបួសធ្ងន់ធ្ងរ ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពាន មិនត្រូវបានស្គាល់ឈ្មោះ និងទីលំនៅនោះទេ ដោយគ្រាន់តែដឹងថា ជិះម៉ូតូម៉ាក Zommer x ពាក់ស្លាកលេខភ្នំពេញ1FP-5243៕