(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានចេញសេចក្ដីសម្រេចបិទខ្ទប់ខាងក្នុង និងបរិវណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ត្រូវបិទខ្ទប់ខាងក្នុង និងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុង រួមមាន៖
*ទី១៖ ចាប់ពីមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រហូតដល់ផ្លូវបំបែកលេខ៤០ (ច្រមុះជ្រូក)។
*ទី២៖ បរិវេណជុំវិញផ្សារទាំងអស់ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។
ការបិទខ្ទប់ទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ បន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី Delta លើអាជីវករក្នុងផ្សារលើ និងតម្រូវឱ្យអាជីវករផ្សារលើ និងប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់ពាក់ព័ន្ធជាមួយនឹងផ្សារលើទាំងអស់ ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឱ្យបានម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
រដ្ឋបាលខេត្ដ បានបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖
*ទី១៖ ហ៊ុព័ទ្ធចាប់ពីមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រហូតដល់ផ្លូវបំបែកលេខ៤០ (ច្រមុះជ្រូក) និងបរិវេណ ជុំវិញផ្សារទាំងអស់ (លំនៅឋានជុំវិញបរិវេណផ្សារលើទាំងអស់)
*ទី២៖ ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ
*ទី៣៖ ហាមដាច់ខាតចំពោះអាជីវករទាំងអស់ដែលស្ថិតក្នុងទីតាំងបិទខ្ទប់ មិនអនុញ្ញាតឱ្យទៅលក់ដូរកន្លែងផ្សេង ជៀសវាងមានការចម្លងទៅប្រជាពលរដ្ឋផ្សេងទៀត
*ទី៤៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ចំពោះប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។
បន្ថែមពីនេះទៀត ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល និង ឆ្លងកាត់បរិវេណជុំវិញផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
*ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ អាច
អនុញ្ញាតបានត្រឹមតែសមាជិកម្នាក់ក្នុងមួយគ្រួសារ ដោយត្រូវពាក់ម៉ាស់ និងអនុវត្តតាមវិធានការសុខាភិបាល
*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
*ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្រ្តីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមកាលកំណត់ ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម
*ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង៖