(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ និង រក្សាទុកគ្រឿងញៀន នៅចំណុចភូមិស្ពានថ្ម សង្កាត់-ក្រុងស្ទឹងត្រែង។

មន្រ្តីនគរបាល ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលបាន ដកហូតថ្នាំញៀនចំនួន៦កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ។ មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ផាត ឧសភា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ ឈ្មោះ ហុន ភិរម្យ អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល។

នៅថ្ងៃដដែលនេះ កម្លាំងនគរបាលក៏បានធ្វើការបង្រ្កាបករណីចែកចាយគ្រឿងញៀន មួយករណីទៀត ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ក្រុងស្ទឹងត្រែង ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់។

ជនសង្ស័យរូបនេះមានឈ្មោះ ឈ្មោះ អ៊ូ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយកម្លាំងនគរបាលបាន ដកហូតបានថ្នាំញៀនមេតំហ្វេតាម៊ីន WYចំនួន៣គ្រាប់ផងដែរ។ ករណីខាងលើ នេះ មន្រ្តីជំនាញកំពុងរៀបចំ សំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់៕