(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានទទួលម៉ាស៊ីនបន្សុទ្ធខ្យល់សរុបចំនួន ២៥គ្រឿងពីក្រុមហ៊ុន GA AIRCON និងក្រុមហ៊ុន DAIKIN ដើម្បីចែកជូនមន្ទីរពេទ្យនានា និងដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង របស់ក្រុមការងារជួរមុខ ក្នុងការរួមចំណែកជួយប្រទេសជាតិ។

ពិធីប្រគល់-ទទួលម៉ាស៊ីនបន្សុទ្ធខ្យល់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកឧកញ៉ាបណ្ឌិត ត្រាំង លី អគ្គនាយកក្រុមហ៊ុន GA AIRCON និងលោក ហ្គោ កាហៀន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន DAIKIN ប្រចាំប្រទេសកម្ពុជា។

ការសម្រេចចិត្តប្រគល់ម៉ាស៊ីនបន្សុទ្ធខ្យល់ចំនួន២៥គ្រឿងនេះ របស់ក្រុមហ៊ុនទាំង២ ខណៈជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាតស្ទើរគ្រប់ប្រទេសនៅទូទាំងពិភពលោក និងបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរ។ ករណីមេរោគឆ្លងជាច្រើន ជាពិសេស មេរោគបំប្លែងថ្មី Delta ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងក្រុមការងារជួរមុខដែលជួបប្រទះការលំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងថែទាំ និងព្យាបាលអ្នកជំងឺ។

នៅឆ្នាំ២០២១នេះ DAIKIN បានបរិច្ចាគម៉ាស៊ីនបន្សុទ្ធខ្យល់សរុបជាង ២៦០គ្រឿង ជូនដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំសុខភាពចំនួន២៣ នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងកម្ពុជា។

ម៉ាស៊ីនបន្សុទ្ធខ្យល់ DAIKIN ម៉ូដែល MC40 & MC55 មានរាងតូច និងមុខងារពិសេសជាច្រើន សម្លេងស្ងាត់ និងពោពេញទៅដោយឋាមពល។ លក្ខណៈពិសេសដែលគួរឱ្យកត់សម្គាល់គឺបច្ចេកវិទ្យា Streamer គឺជាបច្ចេកវិទ្យាតែមួយគត់របស់ DAIKIN ដែលអាចកម្ចាត់បានសារធាតុគ្រោះថ្នាក់ បាក់តេរី មេរោគ ប្រកបដោយប្រសិទ្ធភាពរហូតដល់ ៩៩.៩%។

តម្រង HEPA អេឡិចត្រូស្តាទិច មានសមត្ថភាពច្រោះយកបានរហូតដល់ ២.៥មីក្រូម៉ែត្រ នៃកម្ទេចធូលីល្អិតតូចៗ ជាប្រយោជន៍ផ្តល់នូវគុណភាពខ្យល់បរិសុទ្ធ នៅក្នុងផ្ទះបានយ៉ាងល្អប្រសើរ។ នេះជាវិភាគទានដ៏ស្តួចស្តើងរបស់ DAIKIN ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GA AIRCON ក្នុងបរិបទនៃការរីករាលជាសកលនៃជម្ងឺកូវីដ១៩៕