(កណ្តាល)៖ ក្រោយពីអង្គភាពព័ត៌មាន Fresh News បានចុះផ្សាយនូវអត្ថបទមួយ មានចំណងជើងថា «មហាអយុត្តិធម៌! មួយគ្រួសារត្រូវមនុស្សមួយក្រុម ចូលកាប់ប្រហារដល់ក្នុងផ្ទះ ទីបំផុតតុលាការខេត្តកណ្តាល ចេញដីកាចោទប្រកាន់ថា ជាជនល្មើសទៅវិញ» នាថ្ងៃទី៣០ ខែមីនារួចមក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលលោក លឹម សុគន្ថា បានចេញសេចក្តីថ្លែងការណ៍ ពន្យល់ និងបកស្រាយ គោលបំណងបញ្ចៀសការភ័ន្តច្រឡំ លើចំណាត់ការនីតិវិធី និងភាពមិនប្រក្រតីផ្សេងៗ របស់តុលាការ ក៏ដូចជាចង់ឲ្យថ្នាក់ដឹកនាំ និងសាធារណជន បានយល់ពីរឿងនេះឡើងវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មាន៣ទំព័រ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ លោក លឹម សុគន្ថា បានឲ្យដឹងថា ការសន្និដ្ឋានរបស់តំណាងអយ្យការ ដោយផ្អែកទៅលើ ភស្តុតាងជារូបថត និងចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ដែលបង្ហាញនៅក្នុងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នូល ខេត្តកណ្តាល ។

តាមរយ:ការសន្និដ្ឋាននេះ បានបង្ហាញថា «ជាករណីហិង្សា ដោយចេតនា មានប្រើវត្ថុរឹង ហេតុដូច្នេះហើយ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ មនុស្សចំនួន៩នាក់ ក្នុងនោះមាន២នាក់ ដែលត្រូវនគរបាល ចាប់ខ្លួន ហើយ៧នាក់ទៀត ជាម្ចាស់ផ្ទះ និងបងប្អូន ដែលស្ថិតក្នុងអំពើហិង្សានោះ»។

លោក លឹម សុគន្ថា បានពន្យល់ការដែលចៅក្រមស៉ើបសួរចេញដីកា បង្គាប់ឲ្យចូលខ្លួនចំពោះជនត្រូវចោទ ៧នាក់ផ្សេងទៀត ដែលមិនត្រូវបាននគរបាល ឃាត់ខ្លួននៅថ្ងៃកើតហេតុនោះ គឺដីកាបង្គាប់ឲ្យចូលខ្លួននេះ ជាវិធានការនិរន្តរាយ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ចៅក្រមស៉ើបសួរចេញ បញ្ជាដល់បុគ្គលណាម្នាក់ ឲ្យចូលបង្ហាញខ្លួនចំពោះមុខចៅក្រមស៉ើបសួរ និងចេញទៅលើជនត្រូវចោទ បុគ្គលណាដែលមានតម្រុយពិរុទ្ឋភាព។

យ៉ាងណាក៏ដោយឆ្លងតាមរយៈករណីមួយនេះ ព្រះរាជអាជ្ញារូបនេះ នឹងខិតខំអនុវត្តនីតិវិធី និងច្បាប់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ប្រយោជន៍ចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងកំណែទម្រង់ច្បាប់ និងប្រព័ន្ឋយិត្តិធម៌ ដើម្បីរកយុត្តិធម៌ និងផ្តល់សេវាយុត្តិធម៌ជូន ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយគ្រួសារ មានគ្នាជិត១០នាក់ រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានគូជម្លោះមួយក្រុមប្រដាប់ដោយកាំបិត ពូថៅ បំពង់ទីព និងដុំថ្ម ចូលវាយប្រហារ នៅយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦ បណ្តាលឲ្យរងរបួស និងភ័យតក់ស្លុតយ៉ាងខ្លាំង ។

ប៉ុន្តែក្រោយកើតអំពើហិង្សាភ្លាមៗ ព្រះរាជអាជ្ញាខេត្តកណ្តាល បានបញ្ជាទៅសមត្ថកិច្ចចាប់ខ្លួន ជនល្មើស២នាក់ រហូតមានការចោទប្រកាន់ និងត្រូវបានចៅក្រម ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ឋនាគារទៀតផង៕

ប្រវត្តិរឿង៖ មហាអយុត្តិធម៌! មួយគ្រួសារត្រូវ មនុស្សមួយក្រុមចូលកាប់ប្រហារដល់ក្នុងផ្ទះ ទីបំផុតតុលាការខេត្តកណ្តាល ចេញដីកាចោទប្រកាន់ថា​ ជាជនល្មើសទៅវិញ! (Video inside)

 

លោក លឹម សុគន្ថា (រូបកណ្តាល)

មហាអយុត្តិធម៌! មួយគ្រួសារត្រូវ មនុស្សមួយក្រុមចូលកាប់ប្រហារដល់ក្នុងផ្ទះ ទីបំផុតតុលាការខេត្តកណ្តាល ចេញដីកាចោទប្រកាន់ថា​ ជាជនល្មើសទៅវិញ! (Video inside