Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិសនីកម្ពុជា សហការជាមួយធនាគារឯកទេស Wing បង្កើនភាពងាយស្រួលដល់ប្រជាជន ក្នុងការបង់ថ្លៃអគ្គិសនី

31-03-2016 19:13

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) និងធនគារឯកទេសវីង ខេមបូឌា លីមីធីត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ពង្រីកសេវាកម្មបង់ប្រាក់ថ្លៃ ប្រើប្រាស់អគ្គិសនី នៅបណ្តាលខេត្ត ក្រុងថ្មីៗផ្សេងទៀត ក្នុងប្រទេសកម្ពុជា ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងរវាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងលោកចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង ដោយមានការចូលរួមជាសក្ខីភាព ពីអ្នកឧកញ៉ា គិត ម៉េង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ។

ការសហការគ្នានេះ គឺអនុញ្ញាតឲ្យមានការបង់ថ្លៃសេវាប្រើប្រាស់អគ្គិសនី តាមរយៈសេវាកម្មវីង សម្រាប់ប្រជាជនកម្ពុជារស់នៅ បណ្តាខេត្តក្រុងថ្មីមួយចំនួនទៀតដូចជា កំពង់ស្ពឺ តាកែវ កំពង់ចាម បន្ទាយមានជ័យ កំពត និងស្វាយរៀង ដែលអាចបង់វិក្ក័យបត្រភ្លើង នៅតាមភ្នាក់ងារវីង ជាង៣៦០០កន្លែង ទូទាំងប្រទេសកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស បានថ្លែងថា នេះជាកិច្ចសហការរយៈពេលវែងរបស់វីង ក្នុងការផ្តល់ការដាក់បញ្ចូលសេវាហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ទាំងនេះមិនត្រឹមតែបង្ហាញពីការបង្កើតថ្មី លើសវាបង់វិក្ក័យបត្រនោះទេ តែវាក៏បានបង្ហាញគុណតម្លៃ របស់ Wing លើការតាំងចិត្តក្នុងការផ្តល់សេវាទូទាត់សាច់ប្រាក់ ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព ជូនប្រជាជនទូទាំងប្រទេសផងដែរ។

ដើម្បី​អាច​ប្រើ​ប្រាស់​​សេវាកម្ម​នេះ អតិ​ថិជន​គ្រាន់​តែ​មាន​កាត ​វីង ឬ​អាច​​ទៅ​បើក​គណនីវីង ​នៅតាម​ភ្នាក់​ងារ​វីង​ដែល​​នៅ​ជិត​ផ្ទះ​លោក​អ្នក។ លោក​អ្នក​ក៍​អាច​ប្រើ​ប្រាស់​គណនីវីង សម្រាប់​សេវាកម្ម​ផ្សេង​ៗ ដូចជា​សេវា​បញ្ចូលលុយ​ទូរស័ព្ទ សេវា​បង់​វិក្កយបត្រ​ និង​សេវា​ផ្សេងង​ៗ។ ជា​មួយ​គ្នា​នេះដែរ សម្រាប់​អថិជន​ដែល​គ្មាន​គណនីវីង​ ក៏អាច​បង់​វិក្ក័យ​បត្រ​អគ្គិសនី​នេះ​បាន​ផង​ដែរ ​ដោយ​គ្រាន់​តែ​យក​វិក្កយ​បត្រ​​របស់​អគ្គិសនី​កម្ពុជា ទៅ​បង់​​តាម​ភ្នាក់​ងារ​វីង​ដែល​មាន​ជាង​ ៣៦០០​ ទូទាំ​ង​ប្រទេស។

កា​រ​សហការ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​របស់​ធនាគារ​ឯក​ទេស​វីង ក្នុង​ការ​នាំ​មក​នូវ​ផលិត​ផល និង​សេវា​កម្ម​ថ្មីៗ​ ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត ដើម្បីបំពេញ​តម្រូវ​ការ​របស់​អតិថិជន ។

ធនាគារ​ឯក​ទេស​វីង នាំ​មុខ​គេ​លើ​សេវា​ទូទាត់​សាច់​ប្រាក់​​ចល័ត​តាម​ទូរស័ព្ទដៃ ដែលមាន​​ដូចជា​សេវាផ្ទេរ​ប្រាក់ សេវា​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ សេវា​បង់​វិក្កយបត្រ​ និង​សេវាកម្ម​ផ្សេង​ទៀត៕