(ភ្នំពេញ)៖ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងការបរទេស បានបង្ហើបឲ្យដឹងថា នៅព្រឹកមិញនេះខាងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីក្រសួងការបរទេសម្នាក់ នាំចេញតាមរថយន្តយកទៅបាត់ ដោយគេនៅមិនទាន់ដឹងពីមូលហេតុអ្វីច្បាស់លាស់នៅឡើយនោះទេ។
មន្ត្រីខាងលើដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មន្ត្រីក្រសួងការបរទេសដែលត្រូវខាងអង្គភាពប្រឆាំងអំពើពុករលួយ ចូលមកនាំខ្លួនដល់ក្នុងក្រសួងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ មិនទាន់ត្រូវបានគេប្រាប់ឈ្មោះឲ្យដឹងនៅឡើយទេ គ្រាន់តែគេដឹងថា មានឋានៈជាប្រធានការិយាល័យ។
ដោយឡែកខាងអង្គភាពប្រឆាំងអំពើពុករលួយ នាល្ងាចថ្ងៃទី៣១ ខែមីនានេះ អង្គភាព Fresh News មិនអាចធ្វើការទាក់ទងសាកសួរព័ត៌មានបានឡើយ ពាក់ព័ន្ធករណីឃាត់ខ្លួនមន្ត្រីក្រសួងការបរទេសខាងលើនេះ៕