(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនគ្មានទីពឹង ជនពិការភាព កម្មករ-កម្មការិនី ដែលទើបតែបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ចំនួន៧០គ្រួសារ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោក ឌី រ័ត្នខេមរុណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ខ្ពស់ដោយថ្មីៗនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ កំពង់មានការរីករាលដាលមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ជាពិសេសសូមបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួងសុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរដ្ឋបាលរាជធានីភ្នំពេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម, មី១កេស, ទឹកស៊ីវអ៊ីវ១យួរ, ទឹកត្រី១យួរ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕