(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានសហការជាមួយនាយកសាលាវិទ្យាល័យព្រះយុគន្ធរ មន្រ្ដីរដ្ឋបាលខណ្ឌ រដ្ឋបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីមន្ត្រីរាជការខណ្ឌ សង្កាត់ សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ បានចុះធ្វើអនាម័យពលកម្ម សម្អាតបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងទីធ្លាវិទ្យាល័យព្រះយុគន្ឋរ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង សំរាប់ទុកលទ្ធភាពឱ្យសិស្សបានចូលរៀនវិញ។

លោក ធឹម សំអាន បានឱ្យដឹងថា ការធ្វើអនាម័យបរិស្ថាននៅពេលនេះ មានការប្រើប្រាស់ថ្នាំសម្រាប់បាញ់សំលាប់មេរោគនៅតាមបន្ទប់ ព្រមទាំងការប្រមូលសំរាម នៅតាមទីធ្លា និងក្នុងថ្នាក់ និងមានការប្រើដ្រូន សំរាប់ហោះបាញ់ស្រោចថ្នាំពីលើអគារបន្ថែមទៀតផង។

លោកអភិបាលខណ្ឌ បានបន្ថែមថា ការធ្វើអនាម័យពេលនេះក្រោយទទួលបានបទបញ្ជាពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ឱ្យធ្វើការសម្អាតទីតាំងបរិវេណ សាលា ដើម្បីត្រៀមបើកឱ្យសិស្សបានចូលរៀនវិញ។ ការធ្វើអនាម័យនៅពេលនេះ ដើម្បីប្រាកដថាទីតាំងសាលាទាំងមូល មានអនាម័យ និងមិនឱ្យសិស្ស ក៏ដូចជា អាណាព្យាបាល មានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ។

លោកបន្ថែមថា ការធ្វើអនាម័យនៅពេលនេះនឹងបន្តរហូតទៅតាមទីតាំងវិទ្យាល័យផ្សេងៗទៀតដើម្បីសំអាតបរិស្ថាន និងអនាម័យសំរាប់ត្រៀមបើកសាលាឱ្យសិស្សា នុសិស្សបានចូលរៀនវិញនៅពេលខាងមុខនេះ ជាមួយគ្នានោះសូមប្រជាពលរដ្ឋបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «បីការពារ បីកុំ» ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេង ក៏បានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង ដែលបានសហការជាមួយក្រុមហ៊ុនជួយបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យព្រះយុគន្ធរ ដើម្បីសម្លាប់មេរោគផ្សេងៗ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញមានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួនដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែនាំឱ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញផងដែរ៕