(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់បឹងកុក ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹកតែម្តង។

មន្ត្រីបានបន្តថា ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១,៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកផងដែរ នៅក្នុងសង្កាត់បឹងកុក។ ក្នុងនោះផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១,០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រផងដែរ ដោយប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

មន្ត្រីរដ្ឋបាលខេត្ត បានបន្តទៀតថា ទន្ទឹមនឹងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ លោកអភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់នឹងមានគម្រោងបន្តស្ថាបនាផ្លូវបេតុងបន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ៕