(ស្ទឹងត្រែង)៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលក្រុងស្រុកក្នុងទូទាំងខេត្ត នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

របៀបវារៈ នៃកិច្ចប្រជុំនេះមានចំនួន៤ដែលត្រូវលើកយកពិនិត្យរួមមានគឺ៖

*ទី១៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។
*ទី២៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ និងទិសដៅការងារ សម្រាប់អនុវត្តន៍ខែបន្ទាប់របស់រដ្ឋបាលខេត្ត។
*ទី៣៖ បញ្ហាផ្សេងៗ
និងទី៤៖ មតិបូកសរុប និងបិទកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាខេត្ត។

នាឱកាសនោះដែរ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា «គោលបំណងសំខាន់នៃកិច្ចប្រជុំវិសាមញ្ញ លើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាពេលនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈខាងលើ និងពិភាក្សាលើបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត»

លោក ឈាង ឡាក់ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានខិតខំដឹកនាំជំរុញយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើខេត្តស្ទឹងត្រែង មានការអភិវឌ្ឍន៍ជាលំដាប់លើគ្រប់វិស័យ ពិសេស ហេដ្ឋារចនាសម្ព័ន្ធ, ផ្លូវ, ស្ពាន, សាលារៀន និង មណ្ឌលសុខភាពជាដើម ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ក្នុងសង្គម សុខសុវត្ថិភាពសាធារណៈ និងបានធ្វើឱ្យភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។

ជាងនេះទៅទៀត ទាក់ទិនទៅនឹងកិច្ចការងារទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ដែលបានរួមសហកាខិតខំយកចិត្តទុកខ្ពស់ចំពោះកិច្ចការពារបង្ការ និងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕