(ភ្នំពេញ)៖ សាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២១។

សាលាជ័យលាភីទាំង៦ នោះរួមមានសម្រាប់កម្រិតបឋមសិក្សាទី១៖ សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជយលាភីកម្រិតមាស, ទី២៖ សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជយលាភីកម្រិតប្រាក់, ទី៣៖ សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ, ជយលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា, ទី១៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជយលាភីកម្រិតមាស, ទី២៖ វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជយលាភីកម្រិតប្រាក់, ទី៣៖ វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងវិញ្ញាប័នបត្រព្រមទាំងថវិកាមួយចំនួន ដល់ជយលាភីមេដាយមាសរបស់សាលាបឋមសិក្ស វត្តចែង ខេត្តបាត់ដំបង និង ជ័យលាភីមេ ដាយសំរិទ្ធ របស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួល កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ក្នុងការរៀបចំការប្រឡងប្រណាំង សាលាមេត្រីភាពបរិស្ថានចំនួន៣លើកមកនេះ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាន នៅឆ្នាំ២០២១នេះ ដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់២ឆ្នាំម្តង លើកទី៣។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀត ដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញ អនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។

បើតាមលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូលដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង។

សូមបញ្ជាក់ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។

លក្ខខណ្ឌវិនិច្ឆ័យទាំង៤ចំណុច នៃសាលាមេត្រីបរិស្ថានរួមមានទី១៖ មានគោលការណ៍ និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន, ទី២៖ មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប), ទី៣៖ មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន ទី៤៖ មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍៕