(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវសារសំខាន់ៗមួយចំនួន ទាក់ទឹងនឹងព្រៃឈើ វិស័យអប់រំ និងកីឡា។
សារសំខាន់ៗទាំងនោះមានដូចជា៖
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ឈើដែលរឹបអូសបានទាំងអស់ ជូនក្រសួងអប់រំ ដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន និងសម្ភារៈប្រើប្រាស់ក្នុងសាលា រួមទាំងធ្វើផ្ទះឱ្យគ្រូបង្រៀនផងដែរ។ សម្តេចថា ឈើដែលកម្លាំងរបស់នាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបានរយៈពេលប៉ុន្មានខែមកនោះ មានពី៣ទៅ៤ម៉ឺនម៉ែតគូប។ ជាមួយគ្នានេះសម្តេចបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច កុំកាត់លុយក្រសួងអប់រំ ចំពោះថ្លៃឈើដែលរើបអូសបានឱ្យសោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យ ក្រសួងយុត្តិធម៌ធ្វើយ៉ាងណា ជំរុញឱ្យតុលាការពន្លឿននីតិវិធី កាត់ក្តីរឿងព្រៃឈើទាំងនោះ ដើម្បីយកឈើប្រគល់ជូនក្រសួងអប់រំឱ្យបានលឿនបំផុត។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យដាក់ព្រៃឡង់ជាព្រៃការពារ (ព្រៃធំជាប់ខេត្តចំនួន៤របស់កម្ពុជា) ដោយមិនឱ្យមានការកាប់ឈើទៀតនោះទេ ហើយសម្រាប់ព្រៃនៅតំបន់ជួរភ្នំក្រវ៉ាញ ក៏សម្តេចសម្រេចឱ្យដាក់ជាព្រៃអភិរក្សដែរ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសកម្មជនបរិស្ថាន សង្គមស៊ីវិល និងព្រះសង្ឃដែលទៅបំបួសដើមឈើ នៅតំបន់នោះកន្លងមក ក្លាយជាអ្នកចូលរួមការពារព្រៃឈើនៅតំបន់នោះ។
* ចំពោះបញ្ហាដែលក្រសួងអប់រំបានលើកឡើង ជុំវិញភាពយឺតយ៉ាវក្នុងការតែងតាំងនាយកសាលាពីកម្រិតបឋម ដល់វិទ្យាល័យ នាពេលកន្លងមក, សម្តេចតេជោ ហ៊ុន សែន បានសម្រេចថា ចាប់ពីពេលនេះតទៅ សម្រាប់តំណែងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យ បើក្នុងរយៈពេល១ខែមិនទាន់មានការ តែងតាំងពីថ្នាក់ក្រោមជាតិទេ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ត្រូវតែងតាំងដោយខ្លួនឯង។ សម្តេចថាធ្វើបែបនេះទើបមិនមានការកកស្ទះដល់ការងារ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាសារថ្មីអំពីរឿងប្រាក់ខែគ្រូបង្រៀន។ សម្តេចថា ចាប់ពីថ្ងៃស្អែកទៅ ប្រាក់ខែសម្រាប់គ្រូមត្តេយ្យ និងគ្រូបឋមសិក្សា នឹងឡើងដល់៨០ម៉ឺនរៀល (២០០ដុល្លារ)។
* ក្នុងពិធីបិទសន្និបាតក្រសួងអប់រំនៅថ្ងៃនេះ ខណៈដែលបានលើកឡើងអំពីការពង្រឹងវិស័យកីឡានៅកម្ពុជា សម្តេចតេជោ ក៏បានរំលឹករឿងចៅប្រុសៗរបស់សម្តេច។ សម្តេចថាចៅប្រុសរបស់សម្តេចពេលនេះ មានចំនួន១០នាក់ ហើយសម្តេចមានបំណងចង់ឱ្យចៅទាំងនោះ ក្លាយទៅជាក្រុមកីឡាករដ៏ខ្លាំងក្លាមួយ។ សម្តេចតេជោ ហ៊ុន សែន ក៏មានបំណងជួបជាមួយនឹងក្រុមកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធក្នុងវិស័យកីឡា នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះដែរ៕
សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១មីនានេះ(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវសារសំខាន់ៗមួយចំនួន ទាក់ទឹងនឹងព្រៃឈើ វិស័យអប់រំ និងកីឡា។http://www.freshnewsasia.com/index.php/en/21205-2016-03-31-10-39-48.html
Posted by Fresh News on Thursday, March 31, 2016