(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ តាមប្រព័ន្ធ Telegram Bot ពិសេសអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច។

ជាក់ស្ដែង នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដរួច តាមប្រព័ន្ធ Telegram Bot ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្ម និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧នាក់ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ណេប សាមុត បានជម្រាបជូនអង្គពិធីថា គោលបំណងនៃ ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដរួច តាមប្រព័ន្ធ Telegram Bot នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា និងដើម្បីពង្រឹងភាពជឿជាក់ និងទំនុកចិត្តនៃអាជីវកម្មទេសចរណ៍ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្មក៏ត្រូវធានាឱ្យបានថាបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ណេប សាមុត ក៏បានប្រគល់បណ្ណផ្សព្វផ្សាយស្តីពីនីតិវិធីបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងប្រព័ន្ធ Telegram Bot ដល់តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់សមាជិក និងប្រតិបត្តិករទេសចរណ៍៕