(ភ្នំពេញ)៖ គ្រូបង្វឹកមកពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Hajrundin Nuhic បានធ្វើដំណើរទស្សនកិច្ចរយៈពេល១សប្ដាហ៍ ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងផ្ដល់ការហ្វឹកហាត់រយៈពេលខ្លី តាមរយៈកិច្ចសហការជាមួយ ក្រុមបាល់ទាត់ Daun Penh FC។
នៅថ្ងៃទី៣១ ខែមីនានេះ ប្រធានក្លឹប Daun Penh FC បានរៀបចំកម្មវិធីជួបជុំ និងសំណេះសំណាលមួយ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក Hajrundin Nuhic ដែលនឹងធ្វើការចែករំលែកបទពិសោធន៍ និងបច្ចេកទេស លេងបាល់ទាត់ល្អៗជាច្រើន ដល់សមាជិកក្លឹបបាល់ទាត់ Daun Penh FC ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។
លោក Hajrundin Nuhic បានថ្លែងថា លោកពិតជាចាប់អារម្មណ៍ ចំពោះប្រទេសកម្ពុជា បន្ទាប់ពីលោកទទួលបានដំណឹងថា វិស័យបាល់ទាត់កម្ពុជា នៅមានកម្រិត។ ប៉ុន្ដែនៅក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនេះ លោកនឹងព្យាយាមចែករំលែកបទពិសោធន៍ ដល់កីឡាករកម្ពុជា ពិសេស គឺសមាជិកក្លឹប Daun Penh FC តែម្ដង ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជា ឲ្យមានភាពរីកចម្រើនដូចបណ្ដាប្រទេសផ្សេងៗ។
លោក ហែម ស៊ីម៉ៃ អ្នកគ្រប់គ្រងបច្ចេកទេស និងជាគ្រូបង្វឹកក្រុម Daun Penh FC បានសម្ដែងនូវក្ដីរំភើបជាខ្លាំង នៅពេលក្លឹបលោកទទួលបានការណែនាំផ្ទាល់ ពីសំណាក់គ្រូបង្វឹកកម្រិតខ្ពស់បែបនេះ ហើយលោកក៏សង្ឃឹមថា ក្រោយទទួលបានចំណេះដឹងពីលោក Hajrundin Nuhic ក្លឹបលោកនឹងភាពរីកចម្រើនជាងមុខនផងដែរ។
លោក ហែម ស៊ីម៉ៃ បានបន្ដថា ក្រោមការយកចិត្តទុកដាក់ពីប្រធានក្លឹប និងការរួមរួបគ្នាពីសមាជិកក្លឹប Daun Penh FC ទាំងអស់គ្នា លោករំពឹងថា នៅថ្ងៃខាងមុខ ក្លឹបលោកនឹងមានសមត្ថភាព អាចប្រកួតប្រជែងកម្រិតលីកអាជីពបាន។ លោកជំរុញឲ្យមានការបង្កើតក្រុមយុវជនអាយុក្រោម ១៨ឆ្នាំមួយក្រុម ដើម្បីបណ្ដុះបណ្ដាលពួកគេឲ្យមានសមត្ថភាព ដើម្បីឆ្ពោះទៅចូលរួមប្រកួតលីកអាជីពកម្ពុជា ក្នុងរយៈពេល ៤ឆ្នាំ ឬ ៥ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ក្លឹប Daun Penh FC បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៥ ក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលិក ក្រុមហ៊ុនចូលរួមលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព។ ប៉ុន្ដែក្រោយមកក៏មានកីឡាករយុវជនអាយុក្រោម១៨ឆ្នាំជាច្រើន បានស្ម័គ្រចិត្តចូលរួមលេង រហូតជំរុញឲ្យក្លឹបថ្មីនេះ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ពាក់កណ្ដាលអាជីពមួយចំនួនដូចជា ពានរង្វាន់ Soccer League-2015, ពានរង្វាន់ Sponsor Cup 2015, ពានរង្វាន់ KMH Champions League 2016, ពានរង្វាន់ Tiger Steer 2016 និងចូលរួមប្រកួតពានរង្វាន់ Ganzerg Cup 2016 ដែលកំពុងធ្វើការប្រកួតជម្រុះផងដែរ៕