(ឥណ្ឌា)៖ យ៉ាងហោចណាស់ មានមនុស្ស ១០នាក់បានស្លាប់ និងជាប់ក្រោមគំនរបែកបាក់ប្រមាណ ១៥០នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីសំណងសាងសង់ស្ពានអាកាសមួយស្ថិតនៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា បានបាក់រលំសង្កត់មកលើរថយន្ត និងអ្នកដំណើរក្រោមស្ពាន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី៣១ ខែមីនា។
ក្រុមពន្លត់អគ្គីភ័យ និងប្រជាពលរដ្ឋ បាននាំគ្នាជួយសង្គ្រោះមនុស្សដែលជាប់ក្រោមគំនរបាក់បែកនៃដែកសសៃស្ពាន និងផ្ទាំងស៊ីម៉ង់ធំៗ។ ទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយនូវរូបភាពជនសង្គ្រោះលើកដៃចេញពីគំនរបាក់បែកដោយមានប្រឡាក់ឈាម និងបានស្រែហៅឲ្យគេជួយ មើលទៅគួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា ស្ពានមួយនេះ បានស្ថិតក្រោមការសាងសង់តាំងពីឆ្នាំ ២០០៩ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ធ្វើរួចរាល់ទៀត ហើយបើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ បានឲ្យដឹងថា ពេលខ្លះគេឃើញមានក្រុមសំណង់មកធ្វើការ ប៉ុន្តែក្រោយមកក៏បាត់ទៅវិញ ហើយវាមិនមែនមួយលើក ឬពីរលើកនោះទេ ពោលគឺច្រើនដងមកហើយ ដោយពួកគាត់ក៏មានចម្ងល់ដែរថា ស្ពាននេះពេលណាសាង់សង់រួច បើធ្វើឈប់ៗបែបនេះ៕