(ព្រះសីហនុ)៖ តាមការព្យាករណ៍ នៅម៉ោងប្រមាណ ៤៖៣០នាទី នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា «នៅវេលាម៉ោង ៤៖៤០នាទី ល្ងាចនេះក្បួនឡាននឹងទៅដល់ខេត្តព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ ១៩០០រៀល ទីតាំង ផ្សារភូរិ ក្បែរវិមានឯករាជ្យ»។

យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ទៅលក់ក្នុងតម្លៃខាតដើម ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ គឺដើម្បីឲ្យអ្នកកំពង់សោម បានភ្លក្សរសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

គួររំឭកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារ ជូនប្រជាកសិករឲ្យបានទាន់ពេលវេលា៕