(បាងកក, ថៃ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបលោក ITTHIPHOL KUNPLOME រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដោយបានពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យរប្បធម៌រវាងកម្ពុជា-ថៃ។

ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ អំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនគួរជាទីមោទនភាព។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ១៩ បានជាង ៩៥ភាគរយ នៃចំនួនប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ថៃ ដែលតែងសហការល្អ និងចូលរួមសម្តែងសិល្បៈវប្បធម៌រួមគ្នាក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា ជាពិសេសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកជាសំណើជូនរដ្ឋមន្ត្រីវប្បធម៌ថៃពាក់ព័ន្ធការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាលើជំនាញគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍វប្បធម៌។

លោក សុក្រឹត្យា បានលើកឡើងដែរថា កម្ពុជា និងថៃ មានវប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីជាប្រវត្តិសាស្រ្តក្នុងភាពជាបងប្អូន និងមិត្តភក្តិស្និទ្ធស្នាលគ្នាតាំងពីយូរលង់ណាស់មកហើយ ការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ នឹងធ្វើឱ្យប្រជាជនមានទំនាក់ទំនងនឹងគ្នាកាន់តែល្អប្រសើរ។

រដ្ឋមន្ត្រីវប្បធម៌ថៃ បានកោតសរសើរវីរភាព និងភាពឈ្លាសវៃនាការដឹកនាំប្រទេសប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចបច្ចុប្បន្ន។

តាមរយៈលោកបណ្ឌិតសុខ សុក្រឹត្យា, រដ្ឋមន្ត្រីវប្បធម៌ថៃ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខជូនដល់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលលោកធ្លាប់បានទំនាក់ទំនងដោយផ្ទាល់កាលពីពេលកន្លងមក។

ជាការឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា រដ្ឋមន្ត្រីបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អទាំងបច្ចុប្បន្ន និងទៅអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរ។ ជាពិសេសការរួមគ្នាជំរុញ និងបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌវប្បធម៌៕