(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឱ្យកកស្ទះចរន្តបង្ហូរទឹក ដែលបណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ខេត្តកណ្ដាល ក៏ដូចជាក្រុងតាខ្មៅទាំងមូលផងដែរ។

ការបញ្ជាយ៉ាងដូចនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពេលដែលលោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួន ដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាឱ្យគ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹកដើម្បីរំដោះទឹកក្នុងក្រុងតាខ្មៅឱ្យអស់ ដើម្បីកាត់បន្ថយហានិភ័យណាមួយកើតឡើងជាយថាហេតុ។

លោក មឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newss ប្រចាំខេត្តកណ្តាល ឱ្យដឹងថា ដើមចមសំខាន់ដែលនាំឱ្យមានការស្ទះប្រព័ន្ធលូនៅក្រុងតាខ្មៅ គឺបណ្ដាលមកពីខ្សាច់បានកកស្ទះពេញប្រព័ន្ធលូដែលជាហេតុនាំអោយមានការរាំងស្ទះក្នុងការបង្ហូរទឹក។

លោកបានបញ្ជាក់ទៀតថា គោរពតាមការណែនាំរបស់លោកអភិបាលខេត្តកណ្ដាល លោកបានរៀបចំក្រុមការងារក្នុងការបូមស្ដារលូតាំងពីមុនមួយសប្តាហ៍មកម្ល៉េះទើបស្ថានភាព នៃការលិចលង់ពុំសូវជាខ្លាំងក្លា។

ទោះយ៉ាងណា លោកក៏បានដាក់ចេញផែនការជាច្រើនចំណុចផងដែរ ដើម្បីរៀបចំស្ដារ និងរំដោះទឹក ក្នុងនោះក៏ពន្លឿនដល់បណ្ដាស្ថានីយ៍ទាំង៤ កន្លែងនៅក្រុងតាខ្មៅ ពន្លឿនបន្ទាន់នៅក្នុងការបូមរំដោះទឹកចេញពីក្រុងតាខ្មៅ។ រីឯក្រុមមន្ត្រីនៃការងារក្នុងការស្ដារលូក៏បានធ្វើការញាប់ដៃញាប់ជើង ក្នុងការបូមខ្សាច់ចេញពីក្នុងប្រព័ន្ធលូ និងស្តារលូឱ្យបានស្អាត។

លោក មឹង យូឡេង បានស្នើឱ្យក្រុមរថយន្តធន់ធ្ងន់ទាំងអស់ រួមមាន៖ រថយន្តដឹកខ្សាច់ ដឹកថ្ម ដឹកដី ដឹកគ្រួស និងដឹកទំនិញធុនធ្ងន់ទាំងឡាយ ត្រូវផ្អាកក្នុងការធ្វើចរាចរណ៍របស់ខ្លួនមួយរយៈសិន គឺនៅលើចំណុចកំណាត់ផ្លូវ លេខ២០១, ២០៩, ១០៨,១០៩,១១០ និងកំណាត់ផ្លូវ២១ ចាប់ពីថ្ងៃទី៧ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចៀសវាងបង្ករការខូចខាតដល់កៅស៊ូថ្នល់។

ប្រធានមន្ទីរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការថែរក្សាប្រព័ន្ធលូទាំងអស់គ្នាដោយមិនត្រូវរំលោភយកចំណីផ្លូវសាធារណៈ ការបោះសំរាមនៅជិតមាត់លូ ឬចូលក្នុងលូ ការដឹកដី ដឹកខ្សាច់ ដឹកថ្ម ដឹកគ្រួស ត្រូវមានការវេចខ្ចប់តាមស្តង់ដារនិងមិនត្រូវឱ្យមានការហូរហៀរកំពុងឡើយ។

គួរជម្រាបថា បន្ទាប់ពីទទួលរងនូវទឹកភ្លៀងជាបន្តបន្ទាប់ បានបណ្ដាលឱ្យតំបន់មួយចំនួននៅក្នុងក្រុងតាខ្មៅរងការជន់លិច ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកាកបាទក្រហមខេត្ត។ រីឯនៅតាមភូមិវិញមានការជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់មួយចំនួនផងដែរ៕