(ភ្នំពេញ)៖ កម្លាំងអធិការនគរបាលខណ្ឌកំបូល ដឹកនាំដោយលោក ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជូនជន សង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ។
នគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមចោរគាស់ផ្ទះនេះមានការចូលរួមពីកម្លាំងនគរបាលខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍ឪឡោក ដោយបង្ក្រាប បានក្រុមចោរ ចំនួន០៣នាក់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេខ្លួន នៅចំណុចផ្ទះលេខ១៣បេ ផ្លូវ៤២ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ៣៖២០នាទី ជិតភ្លឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
ជនសង្ស័យខាងលើរួមមាន៖
ទី១៖ ឈ្មោះ ស៊ុម សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
ទី២៖ ឈ្មោះ ប៊ន សីហា អាយុ៣៤ឆ្នាំ (មានសារធាតុញៀន) ស្នាក់នៅក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣៖ ឈ្មោះ រ៉េត ពេជ្រ អាយុ២១ឆ្នាំ( មានសារធាតុញៀន) អ្នកទាំង២នេះស្នាក់នៅក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៤៖ ឈ្មោះ រិទ្ធ កំពុងរត់គេចខ្លួន។
នគរបាលបានបន្ថែមទៀតថា ប្រតិបត្តិការបង្ក្រាបនេះបានដកហូតបានដែកលួសកែច្នៃសម្រាប់ឆ្កឹះមេសោចំនួន២, ដែកចុងស្រួចកាច់សោកម៉ូតូ១, ទួនណាវីស១, ដង្កាប់១, សោលេខ១០ចំនួន១, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2824 លេខតួ+លេខម៉ាស៊ីន 600 1280 និងម៉ូតូ Zoomer-X ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1GO-0007 លេខតួ+លេខម៉ាស៊ីន 510 2869។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ។ នៅពេលកើតហេតុខណៈជនរងគ្រោះ និងក្រុមគ្រួសារកំពុងដេកលង់លក់ ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿង ឌុបគ្នាទៅឈប់នៅមុខផ្ទះបន្ទាប់មកបក្ខពួក២នាក់ចូលទៅធ្វើសកម្មភាពឆ្កឹះសោរទ្វារ និង២នាក់ទៀតនៅចាំមើលផ្លូវ ខណៈលួចមិនទាន់បានផង ក៏ត្រូវកម្លាំងបង្ក្រាបបានតែម្តង៕