(កំពង់ធំ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកតា លោកយាយ អាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៥នាក់ រស់នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១០។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃ ដល់ខ្នងផ្ទះរបស់ពួកគាត់រួចរាល់។
លោកតា លោកយាយ ចំនួន៥នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នូវថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតនោះ រួមមាន៖
* ទី១៖ លោកយាយ ម៉ែន នឹម អាយុ១០១ឆ្នាំ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ
* ទី២៖ លោកយាយ ជុំ ធីម អាយុ១០១ឆ្នាំ រស់នៅភូមិបញ្ជាលា ឃុំគោល ស្រុកប្រាសាទសំបូរ
* ទី៣៖ លោកយាយ ទិត ហៀត អាយុ១០១ឆ្នាំ រស់នៅភូមិចារជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ
* ទី៤៖ លោកយាយ ញឹក ខាត់ អាយុ១០៣ឆ្នាំ រស់នៅភូមិចារជ្រុំ ឃុំសំបូរ ស្រុកបាសាទសំបូរ
* ទី៥៖ លោកតា លឹម ហេង អាយុ១០១ឆ្នាំ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ ព្រមទាំងបានជម្រាបសួរអំពីមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ទៅទទួលយកនូវការចាក់វ៉ាក់សាំង។
លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។
លោកតា និងលោកយាយពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។
បើតាមអ្វីដែលជាការសាកសួររបស់លោកស្រី ឱ វណ្ណឌីន ក្រុមគ្រួសាររបស់លោកតា លោកយាយ បានបញ្ជាក់ដូចៗគ្នាថា លោកតា លោកយាយ គឺសុទ្ធតែស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដោយខ្លួនឯង ដោយមិនមានកូនចៅណាម្នាក់បង្ខិតបង្ខំនោះទេ៕