(ខេត្តរតនគិរី)៖ មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីក្រឡាប់រថយន្តមួយគ្រឿង ដោយខ្លួនឯង នៅចំណុចមុខវាលស្រែលោកហាក់សុភា តាមផ្លូវលំក្រាលក្រួសក្រហម ភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។
មន្ត្រីកងរាជអាវុធហត្ថស្រុកបរកែវ បានបញ្ជាក់ថា រថយន្តដែលក្រឡាប់ខ្លួនឯងនេះម៉ាក Nissan ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Y-0094 ដែលបើកដោយរឈ្មោះ យូ គឹមយុត អាយុ៣៧ឆ្នាំ មានទីលនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នករួមដំណើរឈ្មោះ វាំង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរស្លាប់ នៅកន្លែងកើតហេតុ និងឈ្មោះរិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសធ្ងន់ ព្រមទាំងមនុស្សប្រុសស្រី៩នាក់ទៀត រងរបួសស្រាល រណូករណែលពេញផ្លូវ អ្នកទាំងអស់នោះរស់ ភូមិ-ឃុំ ជាមួយអ្នកបើកបរខាងលើ។
មន្ត្រីកងរាជអាវុធហត្ថខាងលើ បានប្រាប់ថា ជនរងគ្រោះទាំងអស់ បានបើករថយន្តទៅការគេនៅភូមិកែងសាន់ លុះបើកមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អើនិងម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានជាន់ហ្រ្វាំងទាំងបង្ខំ បណ្តាលឲ្យរថយន្តបោកធ្លាក់ផ្លូវតែម្តង ប៉ុន្តែមិនបង្កឲ្យអ្នកជិះម៉ូតូគ្រោះថ្នាក់នោះឡើយ។ ក្រោយកើតហេតុ កងរាជអាវុធហត្ថ និងនគរបាលជំនាញស្រុកបរកែវ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយ អ្នកដែលរងរបួស ទៅមន្ទីរពេទ្យ។ ចំណែកសពទាំង២នាក់ ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសមត្ថកិច្ចក៏បានអូសមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីដោះស្រាយជាក្រោយ៕