(បាត់ដំបង)៖ ទំនាស់គ្នាដោយយពាក្យសម្តីត្រឹមបន្តិចបន្តួច បានធ្វើឲ្យក្រុមយុវជន ២ក្រុមទាញដុំថ្មគប់ និងដំបងវាយផ្ទួនៗលើជនរងគ្រោះ រហូតដល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។ ករណីខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី ២២ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មនេះមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ថា បានកើតឡើងដោយរបៀបណានោះទេ គ្រាន់តែដឹងថាផ្តើមចេញពីទំនាស់ពាក្យសំដីបន្តិចបន្តួចឈានដល់ការផ្ទុះកំហឹងធ្វើគូជម្លោះម្ខាងប្រើប្រាស់ដុំថ្ម និងដំបងវាយ និងគប់ពេញទំហឹងផ្ទួនៗទៅលើជនរងគ្រោះរហូតរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះក៏បានស្លាប់នៅតាមផ្លូវតែម្តង។

ក្រោយហេតុការផ្ទុះឡើងកម្លាំងជំនាញបានចុះស្រាវជ្រាវជាច្រើនម៉ោង ទីបំផុតកំណត់មុខ សញ្ញាជនបង្កបាន និងឃាត់ខ្លួនយុវជនទាំងពីរក្រុមសរុបចំនួន ០៤នាក់នាំមកសាកសួរនៅអធិការដ្ឋានក្រុងបាត់ដំបង។ យុវជនទាំង ពីរក្រុមនេះមាន៖

ទី១៖ ឈ្មោះ សែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ ស្បែក ឃុំស្នឹង ស្រុកបាណន
ទី២៖ ឈ្មោះសុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៣៖ ឈ្មោះសឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ ឆ្នាំ
ទី៤៖ ឈ្មោះ វ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ ហើយទាំង ៣នាក់នេះ មានទីលំនៅសង្កាត់ទួកតាឯក សង្កាត់អូរចារ ក្រុងបាត់ដំបង។

ចំណែកជនរងគ្រោះឱ្យឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ នៅក្នុងភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្ននេះជនសង្ស័យទាំង០៤នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធី រួចបញ្ជូនបន្តទៅតុលាការខេត្តដើម្បីចាត់ការកាតាមច្បាប់៕