(ណៃពិដោ)៖ គម្រោងការតែងតាំងលោកស្រី អោងសាន ស៊ូជី នៅក្នុងតំណែងដ៏មានឥទ្ធិពលមួយ ដែលទើបតែបង្កើតថ្មីនៅក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ានោះ នឹងត្រូវដាក់បញ្ជូនទៅកាន់សភា ដើម្បីអនុម័តនៅថ្ងៃសុក្រស្អែកនេះ ដែលតំណែងថ្មីនេះប្រៀបបីដូចជានាយករដ្ឋមន្ត្រីរបស់ប្រទេសមួយដែរ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
គណបក្សលោកស្រី ស៊ូជី បានបញ្ជូនសំណើមួយទៅកាន់សភា ដើម្បីធ្វើការតែងតាំងទីប្រឹក្សារដ្ឋ សម្រាប់លោកស្រី ដែលតួនាទីថ្មីនេះនឹងផ្តល់អំណាចឲ្យមេដឹកនាំចលនាប្រជាធិបតេយ្យដ៏ល្បីល្បាញ រូបនេះ ធ្វើការទាក់ទងការងារទៅវិញទៅមកដោយផ្ទាល់រវាងប្រធានាធិបតី និងសភា។
គួរបញ្ជាក់ថា តួនាទីថ្មីរបស់លោកស្រី ស៊ូជី ដែលនឹងទទួលបាននាពេលខាងមុខនេះ នឹងដើរទន្ទឹមគ្នា ជាមួយតំណែងរដ្ឋមន្ត្រីក្រសួងទាំងបួនរបស់លោកស្រី ដែលទើបបានទទួលជាផ្លូវការរួចមកហើយ កាលពីថ្ងៃពុធ កន្លងទៅនេះ៕