(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់បប្រជាពលរដ្ឋដែលសាងសង់សំណង់រំលោភលើអូរ និងដីចំណីអូរ២ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវរុះរើសំណង់ដោយខ្លួនឯង ដោយទុកពេល១៥ថ្ងៃ គិតចាប់ពីពេលជូនដំណឹងនេះតទៅ ក្នុងករណីមិនព្រមរុះរើចេញដោយស្ម័គ្រចិត្ត ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភារនានារបស់ឡើយ។

ដោយទុកពេល១៥ថ្ងៃ ដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារ (៣២ខ្នងផ្ទះ) ដែលបានសង់សំណង់រំលោភលើអូរ និងដីចំណីអូរ២ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងស្នាក់នៅត្រូវរុះរើសំណង់នានា ដោយខ្លួនឯង គិតចាប់ពីពេលជូនដំណឹងនេះតទៅ ក្នុងករណីមិនព្រមរុះរើចេញដោយស្ម័គ្រចិត្ត ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភារនានារបស់ឡើយ។

បើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «សូមដំណឹងជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំង ៣១គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះ ត្រូវរុះរើសំណង់នានាដោយខ្លួនឯងចេញពីលីអូរ និងដីចំណីអូរ២ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីពេលជូនដំណឹងនេះតទៅ ក្នុងករណីបងប្អូនមិនព្រមរុះរើចេញដោយស្ម័គ្រចិត្ត ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភារនានារបស់បងប្អូនឡើយ»។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ស្មើនឹង៣២ខ្នងផ្ទះ ដែលមានរាយនាម៖ ណៃ ចាន់ធួន, ឈួន ស៊ីវហុង, វ៉ែន ដារ៉ា, វង់ តោ, ថន ឈួន, តែត ចាន់ដារ៉ា, តាត សារីន, ទុយ រ៉ា, អោក សាវ៉ាត, សុខ ស៊ុន, នុត ស៊ីល័យ, សេង ហ៊ូន, ម៉ាក់ ធារិទ្ធ, សំ បញ្ញាវិបុល ឆាយ ណារិន, មិន ម៉ាលី, ពុយ រតនៈ, រ៉ឹង ម៉េងហ៊ុយ, សៀក ឡាយ, ហេង ស្រីមុំ, លី សុខា, ស៊ុន សុធី, ឌី វ៉ាន់ថេង, តាត់ បូណា, អ៊ុង ថៃ, នី សុធា, លី វ៉ា (២ទីតាំង) និងម្ចាស់ផ្ទះចំនួន ៣ទៀត (ម្ចាស់មិនស្នាក់នៅអចិន្ត្រៃយ៍)។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងដល់បងប្អូនឱ្យរុះរើផ្ទះ របង និងសំណង់នានាដោយស្ម័គ្រចិត្តចេញពីលីអូរ និងដីចំណីអូរមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្តារអូរប្រឡាយស្របតាមនិយាមកាដែលបានកំណត់។

ទន្ទឹមនេះរដ្ឋបាលក្រុងព្រះសីហនុ ក៏បានចុះពិនិត្យ ណែនាំ និងជូនដំណឹងជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើការរុះរើដោយខ្លួនឯងរាល់សំណង់នានា ដែលបានសង់រំលោភលើអូរ និងដីចំណីអូរផងដែរ។

ប៉ុន្តែមកដល់ពេលនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទាំង ៣១គ្រួសារ ស្មើ៣២ខ្នងផ្ទះ(ដូចមានរាយនាមខាងលើ) នៅតែមិនទាន់បានអនុវត្តតាមការណែនាំ និងការជូនដំណឹងរបស់អាជ្ញាធរនៅឡើយទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទាំង ៣១គ្រួសារដែលបានសាងសង់ផ្ទះ របង និងសំណង់នានានៅលើអូរ និងដីចំណីអូរ២ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងសីហនុ ជ្រាប និងអនុវត្តតាមការជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕