(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានជំរុញដល់ ក្រុមការងារ មន្ត្រីគណបក្សគ្រប់រូប ត្រូវសហការសាមគ្គីគ្នាឱ្យបានសកម្ម លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទប់ស្កាត់ និងវាយបកឱ្យបានទាន់ពេលវេលានូវព័ត៌មានប្រឌិតដោយអគតិ ដែលបាននឹងកំពុងវាយប្រហារលើរាជរដ្ឋាភិបាល និងជួរថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជន និងបង្កើនយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ។
ការលើកទ្បើងបែបនេះ របស់ លោក ជាវ តាយ បានធ្វើទ្បើងនៅក្នុងកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពនិងប្រគល់សេចក្ដីសម្រេចជូនថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានពាំនាំការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា គណបក្សគ្រប់លំដាប់ថ្នាក់ និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជោគជ័យទាំងឡាយ ដែលគណបក្សគ្រប់ថ្នាក់សម្រេចបានកន្លងមក ទាំងការងារគណបក្ស ការងាររាជរដ្ឋាភិបាល ការងារបោះឆ្នោតសកល និងអសកល ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោកន្លងទៅថ្មីៗនេះ។
លោក ជាវ តាយ ក៏បានថ្លែងអំណគុណចំពោះលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពត និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ ទាំងការដឹកនាំ និងថវិកា សម្ភារៈ បានទាន់ពេលវេលា ជួយដល់ប្រជាជនក្នុងមូលដ្ឋានខេត្តកំពត ប្រកបដោយប្រសិទ្ធិភាព។
លោកក៏បានកោតសរសើរ ខេត្តកំពត បានគ្រប់គ្រងរាល់សភាពការណ៍ បានល្អប្រសើរ ទាំងសភាពការណ៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសមិទ្ធផលនៃការអភិវឌ្ឍន៍នានា ដែលគណបក្សប្រជាជនសម្រេចជូនជាតិនិងប្រជាជន។ ជាពិសេសស្ថិតក្នុងស្ថានភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែល រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាន់ជំហរដ៏ត្រឹមត្រូវឈ្លាសវៃ ចាត់ទុកគោលនយោបាយ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ ដើម្បីការពារសុខមាលភាព អាយុជីវិតប្រជាជន និងការបង្កើនភាពស៊ាំក្នុងសហគមន៍ សំដៅឈានទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃជំងឺកូវីដ១៩នេះ។
ជាមួយគ្នានោះដែរ ត្រូវចូលរួមសហការ បំផុសស្មារតីលើកទឹកចិត្តប្រជាជនឱ្យចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង និងជំរុញការផ្សព្វផ្សាយ អំពីការអនុវត្ត វិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន និងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាជន ដោយគ្មានការរើសអើង ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងឆាប់រហ័ស ក្នុងគោលដៅរួម គឺដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ ឱ្យទទួលបានលទ្ធផលជោគជ័យ ដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើនបន្តទៀត។
គួររំលឹកថាផងដែលថា យោងតាមសេចក្ដីសម្រេចរបស់ក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ ក្នុងនោះត្រូវបានសម្រេចតែងតាំង លោក មាន សុភា ទទួលជាប្រធានក្រុមការងារដឹកនាំបញ្ជាថ្នាក់ក្រុង និងអមដោយ អនុប្រធាន និងសមាជិក សរុបចំនួន១៦រូប ហើយក្រុមការងារដឹកនាំបញ្ជាថ្នាក់សង្កាត់ មានប្រធាន អនុប្រធាន និងសមាជិក សរុបចំនួន១២០រូប៕