(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់បេក្ខជនជយលាភីអាហារូបករណ៍ការអភិវឌ្ឍ ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS-2020) ចំនួន២៦នាក់ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន នាពេលខាងមុខនេះ តាមប្រព័ន្ធវីដេអូ។
នាឱកាសនេះដែរ លោករដ្ឋមន្រ្ដី បានថ្លែងអបអរសាទរចំពោះប្អូនៗ ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាពជាពិសេសឱកាសសិក្សាស្វែងយល់ផ្ទាល់នៅប្រទេសជប៉ុន អំពីភាពជោគជ័យ ភាពខ្លាំង បទពិសោធន៍ល្អៗនៃប្រពន្ធ័រៀបចំសង្គម សេដ្ឋកិច្ច ឧស្សាហ៍កម្ម និងសហគ្រិនភាព របស់ជប៉ុន។
បន្ថែមលេីសពីនេះលោករដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេសជាពិសេសលើកទឹកចិត្តឱ្យប្អូនៗ ប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍សមត្ថភាពខ្លួនបង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស ស្គាល់ការវិវត្តន៍ពិភពលោក ស្គាល់ជប៉ុន និងស្គាល់ខ្លួនឯង ដេីម្បីយកចំណេះជំនាញមកអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕