(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺថ្មី គឺលោក ហុក គ្រី អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជំនួសលោក អោ វណ្ណថេន ដែលត្រូវដល់អាយុចូលនិវត្តន៍ និងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល។
ពិធីប្រកាសតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមួយចំនួនផងដែរ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានជំរុញឱ្យប្រធានមន្ទីរសុខាភិបាលថ្មី ឱ្យពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានទាន់ផែនការកំណត់ ខណៈប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តនៅសល់តែជាង ២០ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោក វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅបង្កើតភាពស៉ាំក្នុងសហគមន៍នៅកម្ពុជា ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដែលនេះជាការសម្រេចចិត្ត យ៉ាងត្រឹមត្រូវទាន់ពេលារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខក្នុងការកំណត់យកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានទៅរកប្រក្រតីភាពជាថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានឆាប់រហ័ស ព្រមទាំងស្តារសេដ្ឋកិច្ច និងសង្គមជាតិឱ្យងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីធ្លាក់ចុះនាពេលកន្លងមកនេះ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបានបន្តថា ហេតុដូចនេះ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា «បើគិតមកទល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋក្នុងក្របខណ្ឌខេត្តចាប់ពីអាយុ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងចំនួន៤២៧,១៩៩នាក់ ស្មើនឹង៧៣.៨៣% នៃចំនួន៥៧៨,៦៣០នាក់ នៅសល់ ១៥១,៤៣១នាក់។ កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន៧៨,៤០១នាក់ ស្មើនឹង៦៨.០៦% នៃចំនួន ១១៥,១៨៧នាក់ នៅសល់ចំនួន ៣៦,៧៨៦នាក់»។
លោក វ៉ី សំណាង បានបញ្ជាក់ថា សរុបប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចាប់ពីអាយុ១២ឆ្នាំឡើង មានចំនួន ៥០៥,៦០០នាក់ ស្មើនឹង៧២.៨៧% នៃចំនួនប្រជាពលរដ្ឋ ៦៩៣,៨១៧នាក់ នៅសល់១៨៨,២១៧នាក់។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងចាត់មន្ត្រីរបស់ខ្លួន ចុះបន្តយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ទាំងអស់ រហូតបានគ្រប់ៗ គ្នាទៅតាមផែនការដែលបានគ្រោងទុក៕