(ព្រះសីហនុ)៖ ផ្ទះមួយខ្នងធ្វើពីឈើប្រក់សង្កសីទំហំ៤ គុណនិង៥ម៉ែត្រ ចំណាយអស់៨លាន៥សែនរៀល ត្រូវបានឧកញ៉ា ទៀ វិចិត្រ ចូលរួមពិធីប្រគល់ជូនស្រ្តីម៉េម៉ាយកូន៤នាក់ ក្នុងបន្ទុក នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅក្រុម៤ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានកើតហេតុគ្រោះអគ្គីភ័យមួយកើតឡើង បណ្តាលមកពីភ្លើងឆេះព្រៃ ធ្វើឲ្យផ្ទះស្រ្តីម៉េម៉ាយចិញ្ចឹមកូន៤នាក់ ឈ្មោះ តុប លាង អាយុ៤៤ឆ្នាំ រងការឆេះម៉ត់ គ្មានសល់ ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ពីអាជ្ញាធរដែនដីឧកញ៉ា ទៀ វិចិត្រ ដែលជាពាណិជ្ជករវ័យក្មេង រស់នៅក្នុងក្រុងព្រះសីហនុ បានសំរេចចិត្តសាងសង់ផ្ទះថ្មី មួយខ្នងជូនដល់ស្រ្តីរងគ្រោះ ខាងលើរហូតមកដល់ព្រឹកថ្ងៃនេះ បានមកចូលរួមពិធីប្រគល់ជូនដល់ជនរងគ្រោះ ដើម្បីបានស្នាក់នៅសមរម្យនឹងគេ។
ក្នុងពិធីខាងលើនេះឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភប្រាក់ចំនួន៥០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដើម្បីជួយសំរាលការលំបាក របស់ជនរងគ្រោះបានមួយរយៈ ពេលខ្លីផងដែរ ។
អ្នកស្រី តុប លាង បានសំដែងការសប្បាយចិត្តរីករាយ យ៉ាងខ្លាំងជាទីបំផុត ព្រោះរំពឹងថាក្នុងមួយជីវិតគាត់ មិនអាចមានលទ្ធភាពសាងសង់ផ្ទះជាថ្មី រស់នៅដោយខ្លួនឯងបានឡើយ ព្រោះសព្វថ្ងៃនេះរកមួយថ្ងៃចាយមួយ ថ្ងៃស្ទើរតែមិនចង់គ្រាន់ផង។
អ្នកស្រី តុប លាងបានថ្លែងបន្តថា «អ្នកណាជួយពួកគាត់នៅគ្រាអាសន្ន ពួកគាត់នឹងជួយវិញផងដែរនាពេលអនាគត»។
អ្នកស្រី តុប លាង ក៏បានជូនពរឧកញ៉ា ទៀ វិចិត្រ អោយមានសុខភាពល្អ សំរេចបានជោគជ័យគ្រប់ភារកិច្ចផងដែរ។
ឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា ក្នុងនាមយុវជនខែ្មរសេ្នហាមនុស្សធម៌ ជួយការងារសង្គម លោកនឹងព្យាយាមបន្ដជួយប្រជាលរដ្ឋកម្ពុជាគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ឬជាតិ សាសនាឡើយ គឺធ្វើទៅតាមលទ្ធភាពដែលមានដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយចែករំលែក ក្នុងន័យដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕