(កណ្ដាល)៖ បន្ទាប់ពីលោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានសន្យាថា នឹងបន្តកសាងសមិទ្ធផលនានាជាច្រើនផ្សេងជុំវិញវិហារឥស្លាមនៅភូមិចាមលើ ការកសាងអគារវេសនដ្ឋាន ការរៀបឥដ្ឋការ៉ូឡា ខ្លោងទ្វាវិហារ ការពង្រីកផ្លូវបេតុង ការស្ថាបនាច្រាំងទន្លេក្រោយវិហារជាដើម បច្ចុប្បន្ននេះការសន្យាពិតជាត្រូវបានលេចចេញជារូបរាងហើយ ក្រោមអំណរសាទររបស់ក្រុមប្រជាពលរដ្ឋខ្មែរអ៉ីស្លាម ទូទាំងស្រុកកោះធំតែម្ដង ។
បើតាមលោក ឡា ស្លេះ អ៊ីម៉ាំស្រុកកោះធំ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៦ ខែកញ្ញានេះថា នេះជាសិទ្ធផលដ៏វិសេសវិសាលដែលបានលោក ចៅ តុល ខិតខំកសាងឡើង ដោយបង្កើនសោភ័ណភាពជុំវិញវិហារអ៉ីស្លាម ដើម្បីប្រយោជន៍ប្រជាជន ខណៈសមិទ្ធផលទាំងនេះ បង្កើនការសាទរយ៉ាងអនេកពីបងប្អូនប្រជាពលរដ្ឋមួយស្រុកកោះធំតែម្ដង។
លោកបន្តថា គិតមកដល់ថ្ងៃនេះ សមិទ្ធផលថ្មីៗកើតឡើងឃើញបានរៀបចំឥដ្ឋការ៉ូឡាជុំវិញវិហារ, អគារវេសនដ្ឋាន, រៀបចំចាក់បេតុងរៀបច្រាំងទន្លេនិងរៀបឥដ្ឋការ៉ូឡាប្រភេទល្អ, បានរៀបចំការលេចជ្រាបដំបូលវិហារ, បានដាក់ភ្លើង សឡារួចរាល់១០០%, រៀបចំសួនច្បារបានស្អាត១០០%, ចាក់ផ្លូវបេតុង, កសាងខ្លោងទ្វាវិហារអ៉ីស្លាម និងសមិទ្ធផលផ្សេងទៀតជាច្រើន ព្រមទាំងគម្រោងកសាងវិហារថ្មីមួយទៀត នៅភូមិចាមក្រោមក្នុងរង្វង់ទេកប្រាក់ជាង ២០ម៉ឺនដុល្លារ។
លោក អ៉ីម៉ាំ បញ្ជាក់ទៀតថា ទាំងនេះជាសិទ្ធផលដ៏ល្អបំផុតដែលលោក ចៅ តុល បានខិតខំកសាងឡើងក្នុងយុគ្គសម័យតេជោសន្តិភាព, មានសន្តិភាពមានការរីកចំរើន ប្រទេសជាតិមានការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ហើយពិសេសរាជរដ្ឋាភិបាល បានលើកកម្ពស់និងផ្ដល់តម្លៃដល់សាសនិកអ៉ីស្លាមទាំងអស់ ឲ្យមានសិទ្ធិគ្រប់គ្រាន់និងអាចគោរពប្រណិបត្តិតាមសាសនារបស់ខ្លួនបានយ៉ាងពេញលេញ។
គួរជម្រាបជូនលោក ចៅ តុល បានធ្វើការចុះជួយកសាងសមិទ្ធផលនានាជាច្រើននៅទឹកដីស្រុកកោះធំនេះ ដែលលោកទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ និងជួយកសាងជាបន្តបន្ទាប់ ដើម្បីឲ្យសង្គមរីកចំរើនទៅមុខជាលំដាប់ ហើយបងប្អូនខ្មែរឥស្លាម ១០០%គាំទ្រពេញទំហឹងមកចំពោះគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយបន្តគាំទ្រជារៀងរហូតទៅមុខតទៅទៀត៕