(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានត្រលប់មកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី ធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យ សុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។ នេះបើតាមការប្រកាសរបស់ខុទ្ទកាល័យ សម្តេច ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាស បានបញ្ជាក់ថា បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព។ បន្ទាប់ពីទទួលដំណឹងនេះ លោក សម រង្ស៉ី ដែលកំពុងមានវត្តមាននៅអាមេរិក និងបក្ខពួករបស់ខ្លួន បានបំភ្លៃថា សម្តេចក្រឡាហោម ស ខេង បានជួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
លោក ស សុខា និងនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខច្រានចោលភ្លាមៗចំពោះព័ត៌មាននេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃ និងចែកចាយបន្តដោយគោលដៅទុចរិតផងដែរ៕