(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ទីក្រុង Ankara និងទីក្រុង Istanbul របស់ប្រទេសតួកគី ដោយសារតែមានការគំរាមដោយអំពើភេរវកម្ម នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ។
ការគំរាមប្រឆាំងការធ្វើដំណើរនេះ ត្រូវបានរឹតបន្តឹងឡើង បន្ទាប់ពីមានមនុស្សជាង៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក ដាច់ដោយឡែកពីគ្នាចំនួន៤ដង នៅក្នុងទីក្រុងងចំនួន២ នាឆ្នាំនេះ, នេះបើតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹងយ៉ាងដូច្នេះ។ ប្រជាជនអូស្ត្រាលី ត្រូវបានផ្តល់ដំបូន្មានឲ្យពិចារណាឡើងវិញ ប្រសិនបើមិនចាំបាច់ក្នុងការធ្វើដំណើរ ទៅកាន់ទីក្រុងទាំងពីរនេះ ដោយនេះគឺជាការព្រមានគ្រោះថ្នាក់កម្រិតខ្ពស់បំផុតជាលើកទី២។
«ក្រុមភេរវកម្មបានបន្ត គំរាមវាយប្រហារបន្ថែមទៀត ក្នុងនោះរួមទាំងមានគោលដៅ លើភ្ញៀវទេសចរណ៍ និងក្រុមបណ្តាប្រទេសលោកខាងលិច»។ នេះបើតាមរបាយការណ៍លោកស្រី Bishop។ ការព្រមាននេះ បានធ្វើឡើងស្របពេលដែលប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ រៀបចំធ្វើដំណើរទៅកាន់តំបន់ឧបទ្វីប Gallipoli Peninsula របស់តួកគី ដើម្បីប្រារព្ធពិធីរំលឹកខួប នៃការចុះចតរបស់កងកម្លាំងអូស្ត្រាលី និងណូវែលសេឡង់ (ANZAC Day) នៅក្នុងការលុកលុយដ៏អកុសលមួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩១៥ អំឡុងពេលសង្គ្រាមលោកលើកទី១។
លោកស្រី Bishop បន្តថា រដ្ឋាភិបាលអូស្ត្រាលី មិនបានដឹងពីការគំរាមកំហែងជាក់លាក់ណាមួយ ទៅលើភ្នាក់ងាររៀបចំគម្រោង សម្រាប់ពិធី ANZAC Day ដែលគ្រោងនឹងធ្វើនៅលើឧបទ្វីប Gallipoli Peninsula នោះទេ។ លោកស្រីបញ្ជាក់ថា ភ្នាក់ងារធ្វើដំណើររបស់ជនជាតិអូស្ត្រាលី គួរតែកាត់បន្ថយការដឹកជញ្ជូនភ្ញៀវទៅកាន់ទីក្រុង Istanbul និង Ankara៕