(ភ្នំពេញ)៖ មន្ទីរសារការីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារ Le Royal ក្រោមអធិបតីភាពលោក អង្គវង្ស វឌ្ឍនា។ មន្ទីរសារការី ជាកន្លែងដែលមានអ្នកជំនាញច្បាប់ ផ្តល់សេវាជូនវិនិយោគិន និងសាធារណជនទូទៅ ក្នុងផ្តល់យោបល់ច្បាប់ តាក់តែឯកសារពាក់ព័ន្ធផ្លូវច្បាប់។
សហប្រធានមន្ទីរសារការីភ្នំពេញ លោក ហេង ឆាយ បានថ្លែងថា មន្ត្រីសាធារណៈ នៅក្នុងមន្ទីរសារការីមិនមែនមានន័យថា ជាមន្ត្រីរាជការក្រោមឱវាទស្ថាប័នរដ្ឋណាមួយឡើយ ប៉ុន្តែជាអ្នកវិជ្ជាជីវៈច្បាប់ ដែលបានទទួលធ្វើប្រតិភូកម្មអំណាចពីរដ្ឋ ដើម្បីបំពេញមុខងារ ក្នុងក្របខ័ណ្ឌនៃមុខងារមន្ទីរសារការីមួយ នៅក្រោមលក្ខខណ្ឌជាអ្នកវិជ្ជាជីវៈសេរី ដែលត្រូវទទួលខុសត្រូវ និងធានាប្រសិទ្ធភាពការងារ ដោយខ្លួនឯងផ្ទាល់។
លោកថ្លែងទៀតថា សារការីមានតួនាទីត្រូវការពារផលប្រយោជន៍ ស្របច្បាប់របស់ភាគីទាំងអស់នៃលិខិត រួមទាំងរដ្ឋផង ដោយឈរលើគោលការណ៍ឯករាជ្យ និងស្មោះត្រង់ មិនលំអៀង គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ហេតុនេះហើយទើបរាល់លិខិត និងកិច្ចសន្យា ធ្វើឡើងដោយសារការី ត្រូវបានច្បាប់ផ្តល់នូវសារសំខាន់ជាលិខិតយថាភូត ដែលមានតម្លៃជាភស្តុតាងខ្ពស់ និងមានកាលបរិច្ឆេទស្ថាពរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា បានថ្លែងក្នុងពិធីនោះថា សារការីមានតួនាទីយ៉ាងសំខាន់ អាចជួយបំភ្លឺអំពីគន្លឹះច្បាប់នានា ក៏ដូចជាផលវិបាកដែលជាបញ្ហាប្រឈម ពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើលិខិតណាមួយ ។ លិខិតយថាភូត របស់សារការី មានតម្លៃតាមផ្លូវច្បាប់ដូចគ្នាទៅនឹងសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការផងដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា សារការីនឹងជួយកសាងសុវត្ថិភាពគតិយុត្តលើកិច្ចសន្យា និងលិខិតគតិយុត្តដទៃទៀត តាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសមត្ថភាពគតិយុត្តរបស់គូភាគី នៃលិខិត ហើយផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃកម្មវត្ថុនៃកិច្ចសន្យា ព្រមទាំងផ្តល់យោបល់ដោយមិនលំអៀង ចំពោះគ្រប់ភាគីទាំងសងខាង។
លោកបានថ្លែងទៀតថា ដោយសម្លឹងឃើញនូវកំណើនយ៉ាងឆាប់រហ័សនៃចំនួនអ្នកវិនិយោគជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងកំណើនជីវភាព និងការយល់ដឹងកាន់តែខ្លាំង របស់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្នែកច្បាប់នេះ ទើបនៅដំណាក់កាល នៃការរង់ចាំច្បាប់ស្តីពីលក្ខន្តិកៈសារការី រាជរដ្ឋាភិបាលក៏បានអនុញ្ញាត ឲ្យមានការបង្កើតនូវមន្ទីរសាការីនានាឡើង ដើម្បីបំពេញតម្រូវការ ខាងសុវត្ថិភាពគតិយុត្តជូនដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះមន្ទីរសារការីភ្នំពេញ ក៏ជាមន្ទីរសារការីមួយក្នុង ចំណោមមន្ទីរសារការីដំបូងគេ ក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៅទៀតនេះ លោករដ្ឋមន្ត្រីរំពឹង និងជឿជាក់ថា មន្ទីរសារការីភ្នំពេញ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដោះស្រាយផ្នែកច្បាប់ជូនវិនិយោគិន និងប្រជាពលរដ្ឋទូទៅផងដែរ៕