(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ឬជំរុញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៥ ខែកញ្ញានេះ។
រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងកុមារ និងយុវវ័យ (អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ បានស្ទើរគ្រប់ផែនការ ១០០% ហើយ។
បន្ថែមពីលើនោះទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវី៨-១៩ បំប្លែងខ្លួនថ្មី ដែលតា (Delta) ដំណើរការចាក់វ៉ាក់សាំងដូសទី៣«ដូសជំរុញ» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជួរមុខ នៅក្នុងខេត្តព្រះសីហនុក៏បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ដោយឡែកសម្រាប់មន្ត្រីរាជការ មន្ត្រីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca (CoviSHIELD) ដូសទី១ និងដូសទី២ រួចហើយ នឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជា «ដូសជំរុញ» ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ នៅទីតាំងដូចបានកំណត់ខាងក្រោម ចាប់ពីម៉ោង ៧៖៣០នាទីព្រឹកតទៅ៕
ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ នេះឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម រដ្ឋបាលខេត្តព្រះសីហនុ សំណូមពរភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណចាក់វ៉ាក់សាំង តាមវេន និងពេលវេលាកំណត់ដូចខាងក្រោម៖