(ភ្នំពេញ)៖ ការរត់ចោលសង្រ្គាមនៅអាហ្វហ្កានីស្ថានថ្មីៗនេះគឺជាយុទ្ធសាស្រ្ដរបស់សហរដ្ឋអាមេរិក ដើម្បីងាកមកទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនលើពិភពលោក។ នយោបាយប្រឆាំងឥទ្ធិពលចិន បានបង្ហាញយ៉ាងច្បាស់តាមរយៈការបំពេញដំណើរទស្សនកិច្ចមន្ត្រីកំពូលៗរបស់អាមេរិក ក្នុងនោះរួមមានទាំងអនុប្រធានាធិបតីអាមេរិកលោកស្រី កាមេទ្បា ហារីស (Kamala Harris) មកកាន់តំបន់អាស៊ីនេះផងដែរ ដែលមេដឹកនំាកំពូលៗ លើពិភពលោកឲ្យឈ្មោះថា "សង្រ្គាមត្រជាក់ថ្មីខាងសេដ្ឋកិច្ច " រវាងអាមេរិកនិងចិន ឬរវាងសត្វឥន្រ្ទីយ៍និងនាគ ។

តើនាគអាចក្លាយជាសត្វរបស់ពិភពលោកបានទេ ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើយើងក្រឡេកមើលក្នុងរយ:ពេលប៉ុន្មានឆ្នំាចុងនេះយើងឃើញមហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន ឬរវាងសត្វឥន្រ្ទីយ៍និងនាគ បានធ្វើសកម្មភាពក្ដុងក្ដាំងដែលមិនធ្លាប់មាននៅលើពិភពលោក ក្រោយពីសង្រ្គាមត្រជាក់លើកទី១ត្រូវបានបិទបញ្ចប់មក។ នយោបាយប្រឆំាងចិន បានក្លាយជាស្នួលដ៏សំខាន់របស់អាមេរិកទំាងផ្នែកយោធា សេដ្ឋកិច្ចនិងនយោបាយ។

បើនិយាយពីសាវតារពាក្យថា សង្រ្គាមត្រជាក់ (Cold War) នេះទៀតសោតគឺជាការសន្មត់ប្រើ ជាលើកដំបូង ដោយ លោក ប៊ែរណារដ៍ បារុច (Bernard Baruch) ជា ទីប្រឹក្សា ប្រធានាធិបតីដើម្បី អធិប្បាយ អំពី ភាពតានតឹង ផ្នែក ភូមិសាស្រ្ដនយោបាយរវាង សហរដ្ឋអាមេរិក និងសហភាពសូវៀតនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៤៧ នៅ រដ្ឋការ៉ូលីណា ខាងត្បូង (South Carolina) ថា «យើង មិន អនុញ្ញាត ឲ្យ គេ មកបំភាន់ យើង បាន ទេ ព្រោះសព្វថ្ងៃនេះ យើងកំពុងតែ ឋិតនៅ ចំកណ្ដាល នៃ សង្គ្រាមត្រជាក់»

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិបទបច្ចុប្បន្ននេះចំពោះសង្រ្គាមត្រជាក់ថ្មី ខាងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន ឬរវាងសត្វឥន្រ្ទីយ៍និងនាគ ដែលកំពុងប្រជែងគ្នា ត្រួតពិភពលោកក្នុងស.វ.ទី២១នេះ។ ស្ថិតក្នុងន័យនេះបើពិនិត្យអំពីប្រភេទលក្ខណះនៃសត្វនីមួយៗវិញយើងឃើញថា៖

ឥន្រ្ទីយ៍៖ ជាសត្វប្រមាញ់ហិង្សាស៊ីសាច់ស្រស់ជាអាហារចឹក ខំា ក្រញុំាធ្វើយ៉ាងឲ្យតែឈ្នះប៉ុណ្ណោះ។ អ្វីជាការកត់សម្គាល់ឥន្រ្ទីយ៍ជាសត្វមានកម្លំាងថាមពលហោះហើរ នៅលើអាកាស មានអាយុវែងប្រហាក់ប្រហែលគ្នានឹងមនុស្សយើង គឺប្រមាណ៧០ឆ្នាំ។

ប៉ុន្ដែដើម្បីអាចរស់នៅបាន រហូតទៅដល់អាយុ៧០ឆ្នាំ សត្វឥន្រ្ទីយ៍ ត្រូវឆ្លងកាត់ការសម្រេចចិត្តមួយដ៏សំខាន់ក្នុងជីវិតនោះគឺឈានដល់អាយុប្រមាណជា ៤០ឆ្នាំ ជំពុះមាត់របស់វាប្តូររូបរាង -ងចូលក្នុង រហូតមិនអាចចាប់ចំណីបាន ហើយសូម្បីក្រញ៉ាំក្រចកជើង ដ៏មានអំណាចរបស់វា ក៏វែង ហើយ-ងចូលក្នុង ដែលធ្វើឲ្យវាមិនអាចចាប់សត្វជាអាហារបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីស្លាបរបស់វា ក៏ចាប់ផ្តើមក្រាស់ ហើយធ្ងន់ពិបាកក្នុងការហោះហើរស្វែងរកចំណី។

ក្នុងកាល:ទេស:នេះឥន្រ្ទីយ៍ ត្រូវប្រឈមមុខនឹងជម្រើស២យ៉ាងគឺ ទី១ ព្រមអត់អាហារហើយក៏ស្លាប់ទៅ នឹងទី២ ត្រូវឆ្លងកាត់វិធីដែលឈើចាប់បំផុតដើម្បីរស់តទៅទៀត។

ប្រសិនបើសត្វឥន្រ្ទីយ៍ រើសយកវិធីទី២ គឺត្រូវឆ្លងកាត់វិធីដែលឈឺចាប់បំផុតដើម្បីរស់តទៅ។ ជំហ៊ានដំបូងដែលវាត្រូវធ្វើគឺ ហើរឡើងទៅកាន់ភ្នំដែលខ្ពស់ ដែលមានផ្ទាំងថ្មធំៗ យកជំពុះរបស់វា គោះជាមួយនឹងដុំថ្ម គោះហើយ គោះទៀត រាប់រយដង រាប់ពាន់ដង ដើម្បីឲ្យជំពុះមាត់របស់វា របូតចេញមក ទទួលរងនូវការឈឺចាប់ដ៏ក្រៃលែង។
ហើយមិនត្រឹមតែប៉ុណ្ណឹង វាត្រូវយកក្រញ៉ាំជើងរបស់វា ទៅគោះនឹងផ្ទាំងថ្ម ទទួលរងនូវការឈឺចាប់ ដើម្បីឲ្យក្រញ៉ាំក្រចករបស់វា របូតចេញមក។ បន្ទាប់មកទៀត វាត្រូវចិកដករោមស្លាប រោមខ្លួន ដ៏សែនក្រាស់របស់វា ម្តងមួយៗរហូតទាល់តែអស់ពីខ្លួន។

ជាទូទៅមានសត្វឥន្រ្ទីយ៍ចំនួនច្រើន ដែលអាចឆ្លងកាត់វិធីទី២ ត្រឡប់ក្លាយមកជាសត្វដែលមានអំណាចដូចដើម ប៉ុន្តែក៏មានចំនួនច្រើនណាស់ដែរ ដែលមិនអាចឆ្លងកាត់ដំណាក់កាល ដ៏សែនឈឺចាប់នេះបាន ហើយក៏ព្រមអត់អាហារស្លាប់ ក្នុងរវាងអាយុ៤០ឆ្នាំ ឬក៏ត្រូវស្លាប់ក្នុងរវាងនៃការផ្លាស់ប្តូរនេះ។

នាគ៖ ជាសត្វដែលអាចរស់នៅក្នុងទឹកផង និងលើគោកផង ជានិមិត្ដរូបភាពត្រជាក់ត្រជុំ ភាព រុងរឿង ទំាងផ្នែកសាសនា វប្បធម៌ និងការធ្វើជំនួញរបស់ ជនជាតិ ចិនតំាងដើមរៀងមក។ ចំពោះទស្សន:ចិន ក្នុងគ្រួសារនីមួយៗចង់ក្លាយជានាគដើម្បីបង្ហាញអំពីឧត្ដមភាពពូជវង្សត្រកូលខ្លួន។

លោក រត្ន័ សណ្ដាប់ បន្ដថា បើហេតុនេះចំពោះការបំផ្ទុះសង្រ្គាមត្រជាក់ថ្មីខាងសេដ្ឋកិច្ចនេះ អ្វីដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍នោះ គឺកាលពីឆ្នំា២០១៦ នាសម័យកាលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រំា (Donald Trump) បានលើកទង់ "America First-សហរដ្ឋអាមេរិកមុនគេ!" នេះឯង។ ក្នុងន័យនេះគាត់ចង់សំដៅថាកុំឲ្យធនធានបែកខ្ចាយទៅឲ្យអ្នកក្រៅ...អ្វីៗក៏ដោយគឺត្រូវមានទស្សន:ថា ធនធានរបស់អាមេរិកគឺត្រូវចូលមកអាមេរិក សំរាប់អាមេរិក!។ ក្រោមបន្ទាត់នយោបាយ «America First» នេះគឺប្រៀបដូចជាការដាក់បង្កៃគ្រាប់បែកកំណត់ម៉ោងឲ្យផ្ទុះសង្រ្គាមត្រជាក់ថ្មីខាងសេដ្ឋកិច្ចយ៉ាងដូច្នោះដែរ!។

ពិតណាស់! ក្រោយពេលលោក ត្រាំ គាត់ទ្បើងកាន់តំណែងជាប្រធានាធិបតី នៃមហាប្រទេសអ្នកមានកំពូលលើសគេមក គាត់ក៏បានបិទការបញ្ជាទិញទំនិញសម្ភារ: ជាច្រើនមុខពីប្រទេសចិនហើយក៏មានបំណងចង់ឲ្យក្រុមហ៊ុននានារបស់អាមេរិក វិលមកផលិតក្នុងស្រុកខ្លួនវិញ ឬក៏រើទៅផលិតនៅប្រទេសជាសម្ព័ន្ធមិត្ដរបស់ខ្លួន ដូចជាវៀតណាមជាដើម។ មិនតែប៉ុណ្ណោះ លោក ត្រំា ក៏បានប្រកូកប្រកាសក្ដែងៗប្រាប់សម្ព័ន្ធមិត្ដមហាប្រទេសសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុប និងជប៉ុនឲ្យមានការប្រុងប្រយ័ត្ននឹងចិននេះផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើយើងឈានមកដល់រជ្ជកាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលជាគូរបដិបក្ខ ស៊ីសាច់ហុតឈាមជាមួយលោក ត្រំា នេះទៀតសោត គឺលោក បៃដិន បាននិងកំពុងបន្ដអនុវត្ដតាមលំនំាលោក ត្រំា ដដែលគឺការបន្ដធ្វើយុទ្ធនាការតាមបន្ទាត់បែបផែន «America First»។

ដូចជានាពាក់កណ្ដាលខែមិថុនា ឆ្នំា២០២១ កន្លងមកនេះ លោក ចូ បៃដិន បានកោះប្រជុំកំពូលជាមួយមហាអំណាចសេដ្ឋកិច្ចអឺរ៉ុប នៅចក្រភពអង់គ្លេស និងមហាអំណាចរុស្ស៊ី នៅទីក្រុងហ្សីណែវ ប្រទេសស្វីស ដើម្បីគៀងគរកម្លំាងក្នុងការទប់ទល់ទៅ នឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។ ហើយថ្មីៗនេះទៀតសហរដ្ឋអាមេរិក ក៏បានបញ្ចេញរដ្ឋមន្រ្ដីការបរទេសរបស់ខ្លួននាដើមខែសីហា ឆ្នំា២០២១នេះឲ្យដើរបញ្ចុះបញ្ចូលប្រទេសនៃសមាគមអាស៊ាន ឲ្យចូលរួមប្រជុំគ្រប់វេទិកាអាស៊ានពិសេស ដំណើរទស្សន:លោកស្រី កាមេទ្បា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងបរិបទតែមួយគឺពង្រឹងសេដ្ឋកិច្ច «មហាអំណាចទី១ សហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងចិន»

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូច្នេះចំពោះសំនួរខាងលើដែលបានលើកទ្បើងថា សង្រ្គាមត្រជាក់ថ្មីខាងសេដ្ឋកិច្ច តើនាគអាចក្លាយជាសត្វរបស់ពិភពលោកបានទេ?

សំនួរនេះមិនពិបាកនឹងឆ្លើយទេ តែក៏គ្មានអ្នកប្រាជ្ញសេដ្ឋកិច្ចណា អាចឆ្លើយបានភ្លាមៗថា «Yes ឬ No» បានដែរ! សូមរង់ចំាមើលជាបន្ដព្រោះលំហូរនៃការវិវត្ដជាក់ស្តែង បានបង្ហាញយ៉ាងជាក់ច្បាស់ពីដំណើរឆ្ពោះទៅមុខយ៉ាងឈ្មុះឈ្មុលរបស់នាគ នឹងដំណើរប្រឹងប្រែងទប់ទល់របស់ឥន្រ្ទីយ៍។

ចម្លើយដ៏ខ្លីមួយទៀត គឺសូមតាមដានសកម្មភាពនយោបាយសង្រ្គាមត្រជាក់ថ្មី ខាងសេដ្ឋកិច្ចរវាងប្រភេទសត្វទាំងពីរនេះ គឺក្នុងនោះគេឃើញនាគបានខំពង្រាយកម្លំាង បណ្តុះសេដ្ឋកិច្ច វប្បធម៌ និងនយោបាយនៅគ្រប់ទីកន្លែងលើពិភពលោកដូចជា ក្នុងទ្វីបអាស៊ី អឺរ៉ុប ពិភពអារ៉ាប់ ទ្វីបអាហ្រ្វីក និងអាមេរិកទ្បាទីន រីឯឥន្រ្ទីយ៍វិញ ឃើញតែការខិតខំខ្នះខ្នែងដើរគៀងគរកម្លំាងដើម្បីទប់ទល់តែប៉ុណ្ណោះ!៕