(រ៉ង់ហ្គូន)៖ សភាមីយ៉ាន់ម៉ា (ភូមា) បានធ្វើការផ្លាស់ប្តូរតំណែងរបស់ប្រធានគណកម្មាធិការទំនាក់ទំនងអន្តរជាតិ ពីលោកស្រី Daw Su Su Lwin ទៅឲ្យលោក U Zaw Thein វិញ បន្ទាប់ពីស្វាមីរបស់លោក ស្រី Daw Su Su Lwin បានឡើងកាន់តំណែងជាប្រធានាធិបតីភូមាជាផ្លូវការមកនោះ។ នេះបើតាមការផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
លោកស្រី Daw Su Su Lwin ក៏ជាសមាជិកកំពូលមួយរូបរបស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ផងដែរ ហើយការលាលែងចេញពីតំណែងនេះ គឺធ្វើឡើងស្របតាមច្បាប់ដើម្បីអនុញ្ញាតឲ្យលោកស្រី ទទួលបានតួនាទីថ្មី ជាស្ត្រីទីមួយនៃសហភាពមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ប្រធានាធិបតីលោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃម្សិលមិញ ជាមួយនឹងសមាជិកគណរដ្ឋមន្ត្រីរបស់លោកចំនួន១៨រូបផ្សេងទៀត ដែលមានលោកស្រី អោងសាន ស៊ូជី កាន់តំណែងរដ្ឋមន្ត្រីក្រសួងចំនួនបួនតែម្នាក់ឯង។ សហភាពនេះមានរដ្ឋមន្ត្រីចំនួន ២១រូប ប៉ុន្តែ ៣រូបក្នុងចំណោមនោះត្រូវបានតែងតាំងស្វ័យប្រវត្តិដោយយោធា៕