(សៀមរាប)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូមន្ត្រីគយ និងរដ្ឋាករ ចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងដែលជាអង្គភាព សម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ យ៉ាងកក់ក្តៅរបស់ ឧត្តមសេនីយ៍ឯក កែវ ធី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ លោកបណ្ឌិត គុណ ញឹម បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៃកម្ពុជា ការពាររដ្ឋធម្មនុញ្ញ និងការពារាជរដ្ឋាភិបាល និងប្រជាជន។
លោកបានលើកឡើងពីសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ គឺបានមកដោយសារការតស៊ូស្វិតស្វាញ និងការលះបង់យ៉ាងធំធេង របស់កងទ័ព។
លោក គុណ ញឹម ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីជាសម្តេចមានភាពមមាញឹកខ្លាំង ក្នុងការងារដឹកនាំប្រទេសជាតិ យ៉ាងណាក៏ដោយ ក៏មនោសញ្ចេតនាស្រឡាញ់ និងការគិតគូររបស់សម្តេច តែងតែនៅផ្សារភ្ជាប់ជាមួយបងប្អូនកងទ័ព យើងគ្រប់ពេលវេលា ពីព្រោះសម្ដេចតេជោ គឺជាឥស្សរៈជននយោបាយ ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើន ដូច្នេះសម្ដេចដឹងច្បាស់ណាស់ ពីសេចក្ដីសុខនិងទុក្ខរបស់កងទ័ព និងជាពិសេសគឺតម្លៃនៃសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ។
លោកអគ្គនាយកក៏បាននាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ២ ជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និងប្រេងម៉ាស៊ូត ព្រមទាំងថវិកាមួយចំនួនផងដែរ ។
នៅចុងបញ្ចប់នៃអង្គពីធី លោកបណ្ឌិត គុណ ញឹម អមដោយសហការី ក៏បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារបណ្ណាល័យមួយខ្នងមានទំហំ ១២ម៉ែត្រ គុណ ៨ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់កងពលធំអន្តរាគមន៍លេខ២ សម្រាប់ប្រើប្រាស់៕