(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ចំពោះការរៀបចំបរិស្ថាន អនាម័យ នៅក្នុងវិទ្យាល័យទឹកល្អក់ និងវិទ្យាល័យសន្ធរម៉ុក និងត្រូវពិនិត្យរៀបចំសម្អាតឡើងវិញជាបណ្ដើរៗហើយ ដែលជាកត្តាសំខាន់សម្រាប់សុខុមាលភាព ដើម្បីត្រៀមបើកដំណើរការសិក្សា នាពេលខាងមុខ បន្ទាប់ពីបានបិទការសិក្សាបណ្ដោះអាសន្ន និងបានផ្លាស់ប្ដូរកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេលជាច្រើនខែកន្លងមក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
លោក ជា ពិសី បានបញ្ជាក់ទៀតថា សូមឱ្យអស់លោក-លោកស្រី គណៈកម្មការផ្សារដេប៉ូ យកចិត្តទុកដាក់លើការត្រួតពិនិត្យចំពោះអាជីវករទាំងអស់ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ លោកអភិបាលថ្មីខណ្ឌទួលគោក បានធ្វើឡើងក្នុងពេលដែលលោកមានការអមដំណើរពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីមួយចំនួនទៀត បានចុះដើម្បីសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកា អាកុល និងម៉ាសដល់គណៈកម្មការផ្សារដេប៉ូ និងគណៈកម្មការវិទ្យាល័យទឹកល្អក់ និងវិទ្យាល័យសន្ធរម៉ុក នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
លោក ជា ពិសី បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តការចាក់ដូសទី២ នាពេលបច្ចប្បន្ន ដែលបានបង្ហាញលទ្ធផលល្អ នឹងឈានដល់ការបើកសាលារៀនឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។
លោកអភិបាលថ្មីខណ្ឌទួលគោកថា វិស័យអប់រំជាវិស័យស្នូល ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេស ដូចច្នេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ បានយកចិត្តទុកដាក់បំផុត និងកំពុងជម្រុញការចាក់វ៉ាក់សាំងជូនដល់ កុមារ និងយុវវ័យ អោយបានគ្រប់ៗគ្នា ស្របដែល ការចាក់វ៉ាក់សាំងដល់ មនុស្សពេញវ័យ នៅទូទាំងប្រទេសកំពុងនឹងអាចឈានដល់ការសម្រេចបានលទ្ធផលជិត១០០% និងកំពុងត្រៀមចាក់ដូសជម្រុញ ឬដូសទី៣ ជូនដល់ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទៅនាពេលខាងមុខនេះបន្ថែមទៀត សំដៅដល់ការកាត់បន្ថយអត្រាឆ្លង និងស្លាប់ដោយសារជម្ងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងថ្មីដែលតា ដែលកំពុងចរាចរណ៍នៅក្នុងសហគមន៍។
ជាមួយគ្នានេះ លោកបានណែនាំឱ្យគណៈកម្មការផ្សារ ត្រូវតែត្រួតពិនិត្យជារៀងរាល់ថ្ងៃនូវការលក់ដូររបស់អាជីវករ ត្រូវរក្សាគម្លាត ប្រើប្រាស់ម៉ាស៉ីនវាស់កម្ដៅ ពាក់ម៉ាស់ ប្រើអាកុលឬជេលលាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេស យកចិត្តទុកដាក់បំផុតចំពោះបញ្ហាអនាម័យ និងបរិស្ថាន នៅខាងក្នុង និងក្រៅផ្សារ ដែលនេះនឹងបង្ហាញអំពីសោភ័ណ្ឌភាព និងសុខុមាលភាពល្អ សម្រាប់ផ្សារ អាជីវករ និងប្រជាពលរដ្ឋ។
លោកបានបន្ថែមទៀតថា គណៈកម្មការផ្សារ ត្រូវតែពិនិត្យ និងរៀបចំឱ្យបានម៉ឺងម៉ាត់ លើបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយ និងការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនអាជីវករ និងប្រជាពលរដ្ឋ៕